(ភ្នំពេញ)៖ ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ពិសេសក្រោមការយកចិត្តទុកដាក់របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ ប្រជាពលរដ្ឋជិត៦០០គ្រួសារ រស់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការ។
ការប្រគល់-ទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមវត្តមានលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានី លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងលោក ពៅ ណារិទ្ធ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាលខណ្ឌសែនសុខ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដោយទទួលបានផែនការជំរុញការចុះបញ្ជី ជូនប្រជាពលរដ្ឋនៅតាមតំបន់បុរី ពីសំណាក់សាលារាជធានីភ្នំពេញ មកឱ្យការិយាល័យភូមិបាលខណ្ឌសែនសុខ ក៏ដូចជា សាលាសង្កាត់អូរបែបក្អម និងសាលាខណ្ឌសែនសុខ សហការជំរុញការងារនេះឱ្យបានសម្រេចជូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិរួចមក លោកប្រធានមន្ទីរដែនដី សារិន វណ្ណា បានណែនាំការងារចុះវាស់វែងជូនប្រជាពលរដ្ឋ ក្នុងភូមិទ្រុងមាន់ខាងលើនេះយ៉ាងសស្រាក់សស្រាំ ក្នុងនោះក្រុមការងារវាស់វែងបានចំនួន ៥៩៨ក្បាលដី។
ក្រោយសម្រេចការងារនេះហើយ មន្ទីរបានដាក់លិខិតស្នើទៅក្រសួងរៀបចំដែនដី ដើម្បីសុំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ទើបនាថ្ងៃទី២០ ខែវិច្ឆិកានេះ មន្ទីរសូរិយោដី សហកាជាមួយសាលាខណ្ឌសែនសុខ ចុះប្រគល់ប័ណ្ណកម្មសិទ្ធិដែលសម្រេចចេញវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិអចលនវត្ថុមានចំនួន ៥៧៣ប័ណ្ណ។ ចំណែកឯកក្បាលដីចំនួន ២៥ក្បាលទៀត គឺបានចេញជូនម្ចាស់សំណ់តាមរយៈការស្នើសុំបំបែកក្បាលដី។
លោកប្រធានការិយាល័យ ពៅ ណារិទ្ធ បានរំឭកឡើងថា ពីមុនមក ទីតាំងនេះជាអតីតឃ្លាំង K តែនៅក្រោយមក អំឡុងឆ្នាំ២០០៦ មានការស្នើសុំអភិវឌ្ឍជាតំបន់លំនៅដ្ឋាន ដែលមានលក្ខណៈជាបណ្ដុំផ្ទះល្វែង ហើយបន្ទាប់ពីសាងសង់រួចរាល់ ម្ចាស់ដែលជាសហកម្មសិទ្ធិ បានលក់បន្តបន្ទាប់ជូនប្រជាពលរដ្ឋដែលជាអតិថិជន ហើយក៏មានការលក់បន្តច្រើនតំណតគ្នាពីមួយទៅមួយ។
មូលហេតុនេះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់នេះ មានការលំបាកលើការចំណាយប្រាក់ច្រើនសម្រាប់បង់ពន្ធជូនរដ្ឋ។ ដោយមើលឃើញពីការលំបាកនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចឱ្យមានការបង់ពន្ធតែមួយដង មិនគិតថាផ្ទះ ឬដីនោះបានលក់បន្តដៃច្រើនគ្នានោះឡើយ។
រហូតដល់បច្ចុប្បន្ននេះ អាជ្ញាធរបានសម្រេចវាស់វែង និងស្នើសុំចេញប័ណ្ណនៅតាមខ្នងផ្ទះនីមួយៗ ដើម្បីជូនប្រជាពលរដ្ឋអាចមកបំពេញកាតព្វកិច្ចបង់ពន្ធតែមួយលើក និងអាចទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ សារិន វណ្ណា និងលោកអភិបាលរង សក់ ច័ន្ទកញ្ញារិទ្ធ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបណ្ណកម្មសិទ្ធិនេះថា ប័ណ្ណកម្មសិទ្ធិនេះមានតម្លៃដូចជាមាសជាប្រាក់របស់ប្រជាពលរដ្ឋផងដែរ ដូច្នេះសូមប្រជាពលរដ្ឋថែរក្សាទុកដាក់ប័ណ្ណកម្មសិទ្ធិនេះឱ្យបានស្រួលបួល។
ជាមួយនឹងការថ្លែងអំណរគុណ ប្រជាពលរដ្ឋនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលទទួលបានប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុនេះ៕