(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជា លោក អាមផាយ គីនដាវង្ស (Amphay Kindavong) បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលឡាវបានកំពុងរៀបចំ និងត្រៀមឯកសារមួយចំនួន ដើម្បីចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអំឡុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនៅដើមខែធ្នូ ឆ្នាំ២០១៨នេះ។
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតឡាវបានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតឡាវ បានអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត ជាប់ជានាយករដ្ឋមន្ត្រីកម្ពុជាម្តងទៀត ហើយលោកក៏បានអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃទិវាឯករាជ្យជាតិរបស់កម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូតឡាវ បានលើកអះអាងថា ក្នុងបេសកកម្មការងាររបស់លោកនៅកម្ពុជា លោកនឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវឲ្យកាន់តែប្រសើរ។
ក្នុងជំនួបនោះឯកអគ្គរដ្ឋទូតឡាវ បានជម្រាបជូនសម្តេចតេជោដែរថា រដ្ឋាភិបាលឡាវ កំពុងតែត្រៀមចាំស្វាគមន៍ទស្សនៈកិច្ចផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសឡាវ នាថ្ងៃទី៥ ខែធ្នូពេលខាងមុខនេះ។ ឡាវ ក៏កំពុងតែត្រៀមឯកសារមួយចំនួនចុះហត្ថលេខា ជាពិសេសអនុស្សារណៈទៅលើវិស័យផ្សេង រួមមានវិស័យអប់រំជាដើម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺមានទំនាក់ទំនងល្អ ហើយសម្តេចបានណែនាំឲ្យខិតខំធ្វើយ៉ាងណា បន្តជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀតបន្ថែមទៀត។ សម្តេចតេជោ ក៏បានស្នើឲ្យបន្តការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីនេះ ជាពិសេសធ្វើយ៉ាងណាឲ្យវិស័យឯកជន និងប្រជាពលរដ្ឋ អាចជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត៕