(កោះកុង)៖ លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងខេត្តកោះកុង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននាំមន្ត្រីក្រោមឱវាទរួម សហការជាមួយមន្ត្រីពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ និងធ្វើតេស្តទៅលើបន្លែ ត្រីសាច់ បង្គា មឹក និងគ្រឿងភេសជ្ជៈ ដែលអាជីវករដាក់តាំងលក់ ក្នុងផ្សាភូមិថ្មី និងនៅតាមលំនៅដ្ឋាន ក្នុងភូមិចាំយាមឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីធ្វើតេស្តស្វែងរកសារធាតុគីមី ហើយធ្វើការផ្សព្វផ្សាយបន្តអំពីទំនិញណាហួសការបរិច្ឆេទមុនពិធីបុណ្យអុំទូក និងអកអំបុកសំពះព្រះខែ។
ការចុះពិនិត្យធ្វើតេស្តស្វែងរកសារធាតុគីមីនេះដែរ លោក ហ៊ុយ ភារម្យ បានលើកឡើងថា ការចុះពិនិត្យធ្វើតេស្តនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញអនុវត្តន៍ពីបញ្ជារបស់អគ្គនាយដ្ឋានកាំកុងត្រូល និងផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញ និងសេវា និងកិច្ចសម្របសម្រួលពាណិជកម្មតាមរយៈគ្រប់គ្រងហានិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទកំប៉ុងកំពិតប៉ោងរលួយ។ល។
លោកបានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit គឺដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូន ទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូលដើម្បីកំណត់រកហានិភ័យផងដែរ។
លោក ហ៊ុយ ភារម្យ បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញការចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើត្រីសាច់ និងភេសជ្ជៈតាមលំនៅដ្ឋាន និងតាមតូបក្នុងទីផ្សារភូមិថ្មី ដែលអាជីវករ ដាក់តាំងលក់ ដោយមិនបានរកឃើញមុខទំនិញ ឬគ្រឿងភេជ្ជៈណាមួយហួសថ្ងៃខែឆ្នាំផលិតនោះទេ។ មន្ត្រីជំនាញធ្វើការត្រួតពិនិត្យធ្វើតេស្តជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ អាជីវករមានការយល់ដឹងចំពោះបញ្ហានេះ ហើយការចុះត្រួតធ្វើតេស្តនាថ្ងៃនេះ ជំនាញមិនបានដកហូតទំនិញដែលមានសារធាតុគីមី ឬហួសការបរិច្ឆេទនោះទេ ដោយអាជីវករ និងប្រជាពលរដ្ឋគាត់បានយល់ច្បាស់ច្រើនពីបញ្ហានេះ។
ជាចុងក្រោយលោក ហ៊ុយ ភារម្យ បានធ្វើការអំពាវរនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វេចត្រឹមត្រូវមានការបរិច្ឆេទថ្ងៃខែឆ្នាំផលិតត្រឹមត្រូវ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងសុខមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅក្នុងផ្សារ និងនៅតាមលំនៅដ្ឋាន ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុន នឹងទិញយកទៅប្រើប្រាស់ឬបរិភោគផងដែរ៕