(ត្បូងឃ្មុំ)៖ ធុងសំរាមចំនួន១៣៤ ដែលទទួលបានការគាំទ្រ ផ្តល់ជូនដោយមជ្ឈមណ្ឌលអូរស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានមកពីមូលនិធិ រត់ដើម្បីបរិស្ថាននាពេលកន្លងមក ត្រូវបានចែកជូនដល់សាលាស្រុក សាលាឃុំ សាលារៀននានានៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ការផ្តល់ធុងសំរាមនៅពេលនេះ ចង់ផ្តល់សារដើម្បីឱ្យមានការគ្រប់គ្រងសំរាមឱ្យបានល្អ ហើយសំរាមទាំងអស់ ត្រូវតែដាក់នៅក្នុងធុងសំរាម និងការញែកសំណល់សំរាមទៅ តាមប្រភេទសំរាមផ្សេងៗពីគ្នា។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ សំរាមប្រមាណមួយម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ហើយសំរាមប្រមាណ ៣លាន៦សែនតោន ត្រូវបានបង្កើតឡើងក្នុងមួយឆ្នាំ។ ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងប្រមាណ១០%ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាម តាមប្រភេទសំរាម ស្របតាមគោលការណ៍បច្ចេកទេស នៅមានកម្រិតនៅឡើយ។
តាមការសិក្សា នៅក្នុងសំរាម ១០០% ក្នុងនោះ៦៥% ជាសំរាមសើម២០% ជាថង់ប្លាស្ទិក និងជាង១០% ជាសំណល់រឹង។ ចំណែកការការច្នៃសំរាម មានត្រឹមតែ២០%ប៉ុណ្ណោះ ដែលធ្វើឱ្យអត្រាសំរាម ដែលត្រូវបោះចោលនៅទីលានចាក់សំរាមមានពី ៧០ ទៅ៨០% និងសំរាមមួយចំនួនទៀត ត្រូវបានបោះចោលអនាធិបតេយ្យ នៅតាមផ្លូវសាធារណៈ នៅក្នុងនោះយើងឃើញមានការបោះសំរាមសំណល់ប្លាស្ទិក ចានស្នោរ ស្បោង ថង់ប្លាស្ទិក នៅតាមទីសាធារណៈធ្វើឱ្យ សោភ័ណភាពទីប្រជុំជនខ្លះធ្លាក់ចុះយ៉ាងខ្លាំង។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការគ្រប់គ្រងសំណល់រឹង សំរាម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចាត់ទុកភូមិឋាន សាលារៀន វត្តអារាម ទីក្រុង ទីប្រជុំជន កន្លែងផ្សេងៗទៀត ដែលបងប្អូនរស់នៅ កំពុងសិក្សារៀនសូត្រ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថា ជាផ្ទះរបស់បងប្អូនដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើង សុខុមាលភាពសាធារណៈ។
ការវេចខ្ចប់ និងទុកដាក់សំរាមមិនត្រឹមត្រូវ បោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមបណ្តោយផ្លូវនានា នឹងនាំឱ្យមានផលវិបាកជាច្រើន ដូចជា ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យ មានជំនន់ពេលរដូវភ្លៀង ធ្វើឱ្យបាត់បង់សោភ័ណភាពភូមិឋានរបស់យើង សាលារៀនយើង វត្តអារាមយើង ទីក្រុង និងទីប្រជុំជនយើង និងគំនរសំរាមបង្កើតជាជម្រកមេរោគ និងបង្កជាតិពុលថែមទៀតផង។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងវិស័យអប់រំបរិស្ថាន ក្នុងក្របខ័ណ្ឌអន្តរក្រសួង យើងបានរៀបចំបង្កើតឱ្យមានក្រុមការងារកម្មវិធីអប់រំបរិស្ថាន ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការបញ្រ្ជាប កម្មវិធីអប់រំបរិស្ថាន និងការងារអប់រំ ជាពិសេសកម្មវិធីសាលាមេត្រីបរិស្ថាន ដល់គ្រប់គ្រឹះស្ថាន សិក្សាសាធារណៈ។ ឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានសហការជាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសេចក្តីប្រកាសរួមលើគោលការណ៍ណែនាំ និងលក្ខណវិនិច្ឆ័យសាលាមេត្រីបរិស្ថាន ដើម្បីផ្សព្វផ្សាយនិងអនុវត្ត នៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សា។
គោលការណ៍សាលាមេត្រីបរិស្ថាន គឺជាគោលការណ៍ដ៏ល្អមួយ មិនត្រឹមតែធ្វើឱ្យសាលាមានអនាម័យ ជាសាលាស្អាតប៉ុណ្ណោះទេ គឺថែមទាំង មានភាពប៉ៃតង និងគិតគូដល់ផល់ប៉ះពាល់បរិស្ថាននានា ដោយរាប់បញ្ចូលសកម្មភាពទាំងនោះ ទៅក្នុងកម្មវិធីបង្រៀន និងរៀនផងដែរ។ ការគ្រប់គ្រងសំណល់ និងញែកសំណល់ ជាកត្តាសំខាន់ដែលត្រូវបង្រៀនឱ្យប្អូនបានយល់ និងត្រូវចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកទាំងអស់គ្នា ដើម្បីធ្វើឱ្យសហគមន៍ ភូមិឃុំ និងសង្គមរបស់យើង មានបរិស្ថាន ល្អស្អាត។
រដ្ឋលេខាធិការគូសបញ្ជាក់ថា ការប្រែក្លាយចំណេះដឹងបរិស្ថាន ឱ្យទៅជាការប្រតិបត្តិបរិស្ថាន ចាំបាច់ទាមទារឱ្យយើងទាំងអស់គ្នា រួមគ្នាបន្តជំរុញ ការប្រតិបត្តិបរិស្ថានឱ្យបានខ្ជាប់ខ្ជួន តាមរយៈកម្មវិធី «សាលាមេត្រីបរិស្ថាន» និង «អារាមមេត្រី» ដែលត្រូវអនុវត្តតាមគ្រឹះស្ថានសិក្សា និង ទីវត្តអារាមនានា ដើម្បីបំផុសចលនាមហាជន ឱ្យមានការចូលរួមពីសំណាក់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាន់តែសកម្មថែមទៀត នូវរាល់ដោយយុទ្ធនាការបរិស្ថានបានជាប់ជាប្រចាំ ស្របតាមផែនការ និងប្រតិទិនបរិស្ថាន។
ម៉្យាងវិញទៀត ការប្រតិបត្តិបរិស្ថានប្រព្រឹត្តទៅដោយជោគជ័យ ការពង្រឹងការអនុវត្តច្បាប់ គឺពិតជាមានភាពចាំបាច់ណាស់ នៅក្នុងការតម្រង់ទិស គ្រប់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យប្រតិបត្តិត្រឹមត្រូវតាមគោលការណ៍ណែនាំ បច្ចេកទេសរបស់ក្រសួងជំនាញ ក៏ដូចជាទប់ស្កាត់ និងបង្រ្កាបបទល្មើសបរិស្ថានគ្រប់រូបភាព សំដៅធានាឱ្យបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព។
នៅចំពោះ មុខនៃការកើនឡើងនៃសំរាមនេះ ក្នុងនាមក្រសួងបរិស្ថាន លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ត្រូវរួមសហការគ្នា សម្អាតអនាម័យបរិស្ថាន និងធ្វើការវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ និងមិនត្រូវមើលបំណាំគ្នានោះទេ ព្រោះកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា ដែលត្រូវបោសសម្អាត និង ថែរក្សាអនាម័យបរិស្ថានឱ្យល្អ និងធ្វើឱ្យបរិស្ថាននៅកម្ពុជាមាននិរន្តរភាព ប្រកបដោយគុណភាព ដោយ៖ ទី១៖ ធ្វើការញែកសំរាម តាមប្រភេទសំរាមជាសំណល់សរីរាង្គ សំរាម ប្លាស្ទិក និងសារធារតុគ្រោះថ្នាក់ និងវេចខ្ចប់និងគ្រប់គ្រងសំរាមដែលខ្លួនបង្កើតឱ្យបានត្រឹមត្រូវ, ទី២៖ អនុវត្តនូវគោលការណ៍ ៣អ៊ែរ (កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ចំពោះសំណល់ថង់ ប្លាស្ទិកដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបំផ្លាញសោភ័ណភាពទីក្រុងយើង, ទី៣៖ ចូលរួមសម្អាតអនាម័យបរិស្ថានទីក្រុងយើង ដោយចាត់ទុក «គ្រប់ទីកន្លែងទាំងអស់ជាផ្ទះរបស់យើង» ដែលត្រូវតែស្អាត និងមានផាសុកភាពគួរឱ្យរស់នៅ, ទី៤៖ ចូលរួមដាំដើមឈើដើម្បីបង្កើតភាពបៃតង និងបង្កើនគុណភាពខ្យល់ និងទី៥៖ សូមកុំចោលសំរាមផ្តេសផ្តាស ត្រូវទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។ កិច្ចការទាំងនេះ នឹងជួយធ្វើឱ្យសាលារៀន ភូមិដ្ឋាន និងទីប្រជុំជនរបស់យើង មានអនាម័យបរិស្ថានកាន់តែល្អស្អាត៕