(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ បានចាត់ឲ្យលោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ជាតំណាង នាំយកអំណោយមួយចំនួនទៅប្រគល់ជូនដល់កីឡាករទូកចំនួន៣ ដែលបានមកចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ។
លោក កែវ ពិសិដ្ឋ ក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករទូកទាំង៣ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ តែងបានឧបត្ថម្ភដល់ក្រុមកីឡាករទូកមួយចំនួន ដើម្បីជាការផ្តល់លទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមការ ប្រណាំងទូករយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ។
ដោយឡែក សម្រាប់ឆ្នាំនេះសម្តេច និងលោកជំទាវ បានផ្តល់ដល់ទូកចំនួន៣ គឺទី១ ទូកឈ្មោះ «ចេស្តាចក្រីបារមីស្វាយសាច់ភ្នំ» មកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី២ ទូកឈ្មោះ «អគ្គមហាចក្រីបារមីមុនីសាគរ» និងទី៣ ទូកឈ្មោះ «អគ្គមហាចក្រីបារមីសំរិទ្ធស្រីសួគ៌» មកពីសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយទូកនីមួយៗទទួលបាន អង្ករ៣៥០គីឡូក្រាម ថ្នាំពេទ្យ ប្រេងកូឡា ទឹកបរិសុទ្ធ១០០ យួរ ទឹកក្រូច១៥កេស គោជល់១០កេស មី៣កេសធំ និងថវិកា១០លានរៀល។
ជាមួយគ្នានេះដែរ សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ ក៏បានផ្តល់ដល់ទូកចំនួន៩ផ្សេងទៀត មកពីខេត្តត្បូងឃ្មុំក្នុង១ទូកថវិកា២លានរៀល មី២កេសធំ ឧបត្ថម្ភគណៈកម្មការដឹកនាំទូកខេត្តត្បូងឃ្មុំ ៥លានរៀល ទឹកបរិសុទ្ធ១០០យួរ ព្រមទាំងផ្តល់ថ្នាំពេទ្យ១ កេសដល់ក្រុមគ្រូពេទ្យដែលឈរជើងចាំជួយសង្គ្រោះប្រជាពលរដ្ឋដែលមកកម្សាន្តក្នុងព្រះរាជ ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះផងដែរ។
ក្នុងឱកាសនេះ លោក កែវ ពិសិដ្ឋ បានលើកឡើងពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ជាពិសេសនារយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះបន្ទាប់ពីប្រទេសកម្ពុជាមានការឯកភាពទឹកដីទាំងស្រុងកាលពីឆ្នាំ១៩៩៨ ក្រោម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានគូសបញ្ជាក់ថា កម្ពុជា នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតចលនារណសិរ្ស២ធ្នូ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨ និងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការរំដោះប្រទេសជាតិចេញពីការកាន់ កាប់របស់ពួក ប៉ុល ពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅទី៧ ខែមករា ឆ្នាំ២០១៩ ខាង មុខនេះ ដោយក្នុងរយៈពេល៤០ឆ្នាំនេះ កម្ពុជាក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាសំរេចបាននូវសមទ្ធិផលជាច្រើន ស្ទើរតែរាប់មិនអស់។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានការចូលរួមពីបណ្តាទូកមកពី ទូទាំងប្រទេសចំនួន២៩៨ទូក និងមានកីឡាករចំណុះទូកជាង១ម៉ឺន ៧ពាន់នាក់៕