(សៀមរាប)៖ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលត្រូវការឈាម ទើបគរុសិស្ស ចំនួន១៧០នាក់ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប បានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការផ្ដល់ឈាមនេះ បានធ្វើឡើងនៅសាលាគរុកោសល្យខេត្ត នាថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាចុងសប្ដាហ៍កន្លងទៅនេះ។
លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យខេត្តសៀមរាប បានបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃការប្រើប្រាស់សេវារបស់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយរាល់ការពង្រីក និងបន្ថែមសេវាឯកទេស នៅក្នុងមន្ទីរពេទ្យនេះ មានតម្រូវការប្រើប្រាស់ឈាម កាន់តែច្រើនឡើងផងដែរ។
លោកបានគូសបញ្ជាក់ថា ការប្រើប្រាស់ឈាម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងឆ្នាំ២០១៦ គឺប្រើប្រាស់ឈាមអស់ប្រមាណជា១.៣០០ប្លោក ហើយនៅឆ្នំា២០១៧ ប្រើប្រាស់ឈាមអស់ប្រមាណ ២.៥០០ប្លោក។ ចំឡែកនៅឆ្នាំ២០១៨នេះ អាចនឹងប្រើប្រាស់ឈាម ដើម្បីជួយសម្រាប់សង្គ្រោះជីវិតមនុស្ស តាមរយៈការវះកាត់ផ្សេងៗ រហូតទៅដល់ប្រមាណជា ៣.៧០០ប្លោក ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវការប្រជាពលរដ្ឋបរិច្ចាគឈាម ដោយស្ម័គ្រចិត្តឲ្យបានកាន់តែច្រើនបន្ថែមទៀត។ លោកថាបើតាមផែនការ គឺត្រូវការឲ្យមានអ្នកបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ១០០ភាគយ ខណៈបច្ចប្បន្នមានសប្បុរសជនជាតិ និងអន្តរជាតិ ដែលបានមកធ្វើការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត បានប្រមាណជា៦០ ទៅ៧០ភាគរយហើយ នៃចំនួនឈាមដែលត្រូវការ សម្រាប់ឆ្នាំនេះប្រមាណ ៣.៧០០ប្លោក។
លោកបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមភាគច្រើនជាយុវជន។ ជាក់ស្តែងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប ចំនួន១៧០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្ត ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈមន្ទីរមួយនេះ មានអត្រាប្រើប្រាស់ឈាមកើនឡើងជាបន្តបន្ទាប់។ ជាពិសេសប្រើប្រាស់ សម្រាប់ស្រី្តសម្រាលកូន អ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងការវះកាត់ធំៗ សម្រាប់សង្គ្រោះបន្ទាន់ផងដែរ៕