(ភ្នំពេញ)៖ ស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកហាក់នឹងកំពុងមានពន្លឺវិជ្ជមានបណ្តើរៗនៅក្នុងមួយរយៈពេលចុងក្រោយនេះ ពោលបញ្ហាជាច្រើនដែលធ្លាប់ថ្នាំងថ្នាក់ជាមួយគ្នា ប្រែមកជាត្រូវមាត់ត្រូវកជាមួយគ្នាវិញហើយ។
បន្ថែមពីលើអ្វីដែលកំពុងល្អប្រសើរនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលចប់អាណត្តិការងារលោក William Heidt បានលើកឡើងដូចគ្នាថា នឹងប្រឹងប្រែងធ្វើឲ្យទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរឡើងថែមទៀត។ ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកឯកអគ្គរដ្ឋទូតចូលជម្រាបលានាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបថា «ឯកឧត្តម ឯកអគ្គរដ្ឋទូតនៅក្នុងជំនួបនេះ បានជម្រាបជូនសម្តេចតេជោថា ក្នុងអំឡុងពេលលោកបម្រើតួនាទី អស់រយៈពេលជាង៣ឆ្នាំ នៅកម្ពុជានេះ ឯកឧត្តមបានខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេរភាគីនៃប្រទេសទាំងពីរ មានការរីកចម្រើន។ ជាពិសេសមានចំណុចជាច្រើន ដែលឯកឧត្តម ឯកអគ្គរដ្ឋទូត និងសម្តេចតេជោ បានឯកភាពគ្នា»។
លោក កៅ គឹមហួន បន្តថា «ឯកឧត្តម បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការកម្ពុជា និងសហរដ្ឋអាមេរិក មានការរីកចម្រើនខ្លាំង ជាពិសេសលើវិស័យបរិស្ថាន វិស័យសេដ្ឋកិច្ច មានការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ហើយជាពិសេសទៀត អ្វីដែលកន្លងមកមានការអាក់ខាននោះ ក៏បានចាប់ផ្តើមឡើងវិញ ដូចជា៖ ការស្វែងរកអដ្ឋិធាតុ ទាហានអាមេរិកបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា និងការបញ្ជូនជនជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក ត្រឡប់មកវិញផងដែរ»។
ក្នុងជំនួបនោះ លោក William Heidt បានលើកឡើងដែរថា ក្នុងរយៈពេលបំពេញការងារនៅកម្ពុជា លោកបានរៀនសូត្រជាច្រើន ហើយក៏បានឃើញពីការរីកចម្រើន នៅកម្ពុជាជាច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកន្លងមកនេះ លោកបានខិតខំជំរុញធ្វើយ៉ាងណា ឲ្យទីក្រុងវ៉ាស៊ីនតោនយល់ពីប្រទេសកម្ពុជាឲ្យបានច្រើន។ លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក មានការរីកចម្រើនជាច្រើន។
សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរផងដែរ។ សម្តេចតេជោថា បើទោះបីមានការប្រឈម ឬមានចំណុចខ្លះ ដែលកន្លងមកមានខ្វែងមតិគ្នាក្តី ប៉ុន្តែមានការរីកចម្រើនជាច្រើន រវាងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកនេះ។
សម្តេចតេជោ ក៏បានបង្ហាញបំណងប្រាថ្នាចង់ឃើញប្រទេសទាំងពីរបន្តសន្ទនាគ្នា ធ្វើឲ្យប្រទេសទាំងពីរ បានយល់ពីគ្នា ធ្វើឲ្យទំនាក់ទំនងទ្វេរភាគីបន្តកើនឡើង។ ចុងក្រោយសម្តេចបានបញ្ជាក់ប្រាប់ទូតអាមេរិកថា កម្ពុជាស្វាគមន៍អ្នកវិនិយោគ មកពីគ្រប់ប្រទេសទាំងអស់មិនថាតែចិន ឬអាមេរិកនោះទេ។
ដោយឡែកនៅលើ Facebook របស់ស្ថានទូតអាមេរិក ក៏បានចុះផ្សាយសង្ខេបនៃលទ្ធផលជំនួបនេះផងដែរ។ បើតាម Facebook នេះ បានបញ្ជាក់ថា ក្នុងជំនួបទូតចប់អាណត្តិការងាររបស់អាមេរិកបានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តកែលំអចំណងទាក់ទងទ្វេភាគី ដែលរួមមានការជំរុញការផ្សះផ្សាជាតិ ការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបន្ធូបន្ថយការរឹតត្បិតលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ៕