(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ភាគច្រើនត្រូវបានគេស្គាល់ថា ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានផ្តល់ធុងសំរាមដើម្បីចូលរួមសម្អាតបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
លោក មាន ចាន់យ៉ាដា បានថ្លែងបែបនេះខណៈលោកចូលរួមជាអធិបតី ក្នុងឱកាសដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចែកភេសជ្ជៈ ខ្មែរ ប៊ែវើរីជីសជាង៨០០០កេស ព្រមទាំង អាវយឺត មួក ប្រេងឆា Heathy Chef និងសាប៊ូ Ora ជូនដល់កីឡាករទូក«ង»កម្ពុជា ចំនួន១០០ទូក នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ កម្មវិធីប្រគល់កញ្ចប់ឧបត្ថម្ភនេះ ត្រូវបានរៀបចំឡើងនៅសួនច្បារច្រមុះជ្រូក ក្បែរសណ្ឋាគារសុខាជ្រោយចង្វារ។
លោក មាន ចាន់យ៉ាដា បានថ្លែងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាដៃគូរមិនអាចខ្វះបានទេ សម្រាប់ការជួយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះក្រុមហ៊ុននេះ តែងតែជួយរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនមិនដែលខានឡើយ។ លោកថា ជាក់ស្តែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រុមហ៊ុនតែងតែមានការផ្តល់ធុងសំរាម និងផ្តល់សម្ភារជាច្រើនទៀត ជារៀងរាល់ឆ្នាំផងដែរ។
លោកបានបន្តថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែម្តងៗ មានប្រជាពលរដ្ឋមកចូលរួមច្រើន ដែលធ្វើឲ្យបង្កើតសំរាមក្នុង១ថ្ងៃ ពី១៥០០តោន ទៅ១៨០០តោនឯណោះ។ ប៉ុន្តែ ដោយសារការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការងារខ្លួនបានកាន់តែល្អជាងមុន។
អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងការចូលរួមរបស់ក្រុមហ៊ុន ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការជួយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន»។
លោក លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែឧបត្ថម្ភដល់កីឡាករទូក«ង»កម្ពុជា។ លោកសង្ឈឹមថា វិភាគទាននេះអាចជួយសម្រួលដល់ការស្នាក់នៅ របស់ពួកគាត់ក្នុងពេលប្រកួត និងសម្រាប់ការអបអរសប្បាយជុំគ្នា ក្រោយពេលសំរាកពីការប្រណាំងទៀតផង។
ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ឈឹមថា វិភាគទាននេះអាចជួយសម្រួល ដល់ការស្នាក់នៅរបស់បងប្អូន ក្នុងពេលប្រកួត និងសម្រាប់ការអបអរសប្បាយជុំគ្នា ក្រោយពេលសំរាកពីការប្រណាំងទូកនេះផងដែរ»។
ជាមួយគ្នានេះ លោក ចេក ចិត្ត តំណាងឲ្យកីឡាករទូក «ង» ទាំងអស់ បានឡើងថ្លែងចំណាប់អារម្មណ៍ ដោយបានចាត់ទុកថា វិភាគទាននេះ ប្រៀបបាននឹងកម្លាំងចិត្ត ដល់កីឡាករទាំងអស់ ឲ្យខិតខំប្រណាំងទូក ដើម្បីយកជ័យជម្នះជូនភូមិស្រុករបស់ខ្លួន។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានផ្តល់វិភាគទាន សម្រាប់ក្រុមកីឡាករប្រណាំងទូក «ង» ទាំងអស់គ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីកម្មវិធីឧបត្ថម្ភ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមចំណែកខាងផ្នែកបរិស្ថាន ដោយបានប្រើប្រាស់រថយន្តសម្អាតផ្លូវ ធ្វើការសម្អាតតាមវិថីសំខាន់ៗក្នុងទីក្រុងភ្នំពេញ និងដាក់ពង្រាយធុងសម្រាប់៣០០ធុង តាមទីសាធារណៈ សម្រាប់ពិធីបុណ្យអុំទូក។ នៅថ្ងៃប្រារព្ធពីធីបុណ្យអុំទូក ក្រុមហ៊ុននឹងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ រួមមានការប្រគំតន្ត្រី និងការតាំងពិព័រណ៌ផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តផងដែរ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។
អំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យនេះ ក៏មានពិធី២ទៀតក្នុងនោះដែរ គឺពិធីប្រណាំងទូក និងពិធីបុណ្យអកអំបុក សំពះព្រះខែ។ ពិធីប្រណាំងទូក មានរយៈពេល៣ថ្ងៃតែម្តង ដែលពេលយប់មានការបណ្តែតប្រទីបផងដែរ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២តែប៉ុណ្ណោះ គឺនៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក៕