(មណ្ឌលគិរី)៖ មកដល់ពេលបច្ចុប្បន្ននេះ ផ្ទៃដីកសិកម្មសរីរាង្គប្រមាណ៨៥ហិកតា របស់ប្រជាកសិករជាជនជាតិដើមភាគតិចក្នុងភូមិចំនួន១០ នៅខេត្តមណ្ឌលគិរី ត្រូវបានបញ្ជាក់គុណភាពសរីរាង្គត្រឹមត្រូវពីអង្គការ CEDAC ដែលជាហេតុធ្វើឱ្យប្រជាកសិករមានកម្លាំងចិត្ត ក្នុងការដាំដំណាំសរីរាង្គរបស់ខ្លួនឱ្យកាន់តែច្រើនបន្ថែមទៀត។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មានជិត១០ស្ថាប័ន ក្នុងឱកាសបំពេញទស្សនកិច្ចនៅចម្ការសរីរាង្គក្នុងខេត្តមណ្ឌលគិរី នាចុងសប្ដាហ៍មុននេះ លោក វង្ស សាវឿន អ្នកសម្របសម្រួលរបស់អង្គការ CEDAC បានឱ្យដឹងថា ក្នុងចំណោមប្រជាកសិករ ២០ភូមិ ដែលអង្គការ CEDAC កំពុងជួយជ្រោមជ្រែងក្នុងការដាំដុះដំណាំសរីរាង្គ នៅខេត្តមណ្ឌលគិរីនោះ មាន១០ភូមិហើយ ដែលអង្គការ CEDAC បានចុះបញ្ជាក់គុណភាពសរីរាង្គត្រឹមត្រូវ ក្នុងនោះផ្ទៃដីប្រមាណ ៨៥ហិកតា ដែលស្ថិតនៅក្រុង-ស្រុកចំនួន៣ រួមមាន៖ ក្រុងសែនមនោរម្យ ស្រុកពេជ្រាដា (ឃុំប៊ូស្រា) និងនៅស្រុកអូររាំង (ឃុំដាក់ដាំ)។
លោក សាវឿន បានបន្តថា ក្នុងដីចម្ការទាំង៨៥ហិកតានោះ មានដំណាំចម្រុះជាច្រើន ដូចជា កាហ្វេ ក្រូចវល្លិ (Passion) បឺរ (Avokado) ចេក ទុរេន ទៀបបារាំងជាដើម។
លោកថា ដោយសារដំណើរការ នៃការដាំដុះមានភាពល្អប្រសើរ អនុវត្តបានតាមបច្ចេកទេសត្រឹមត្រូវ និងផ្សារភ្ជាប់ទៅកាន់ទីផ្សារកាន់តែល្អផងនោះ ជាចក្ខុវិស័យក្រុមការងាររបស់អង្គការ CEDAC នឹងចុះបញ្ជាក់គុណភាពសរីរាង្គនេះ ជូនប្រជាកសិករជនជាតិដើមភាគតិចឱ្យបាន៣០គ្រួសារទៀត នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខណៈដែលមានប្រជាកសិករជាច្រើនទៀត បានទទូចឱ្យក្រុមការងារអង្គការ CEDAC ទៅបញ្ជាក់គុណភាពសរីរាង្គនេះឱ្យខ្លួន។
ការដាំដំណាំសរីរាង្គរបស់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនេះ ទើបតែចាប់ផ្ដើមបាន១ឆ្នាំទេ ប៉ុន្តែឃើញថាប្រជាពលរដ្ឋនៅខេត្តភាគឦសានមួយ មានការផុសផុលយ៉ាងខ្លាំងក្នុងការងាកមកដាំដំណាំសរីរាង្គនេះ គួបផ្សំជាមួយអាកាសធាតុអំណោយ រយៈកម្ពស់ខ្ពស់សមស្របនឹងដំណាំត្រូពិច របបទឹកភ្លៀងគ្រប់គ្រាន់ ពិសេសគឺដោយសារដីនៅទីនោះមានជីវជាតិល្អផងដែរ។
លោកពូ ញឹម សាលី ជាជនជាតិព្នងរស់នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង បានបញ្ជាក់ថា ពីមុនលោកពូ ក៏ដូចជាអ្នកភូមិដទៃទៀត មិនសូវដាំដំណាំច្រើនដូចសព្វថ្ងៃនេះឡើយ ប៉ុន្តែក្រោយពេលអង្គការ CEDAC បានចុះមកបណ្ដុះបណ្ដាលពីរបៀបដាំ ថែទាំ ការផ្សព្វផ្សាយ ក៏ដូចជាការរកទីផ្សារលក់កសិផលរួចមក ប្រជាពលរដ្ឋនៅភូមិពូត្រែងនេះ បាននាំគ្នាដាំដំណាំរបស់ខ្លួនកាន់តែច្រើន ដូចជាកាហ្វេ ក្រូចវល្លិជាដើម។
លោកពូ សាលី បានបញ្ជាក់ថា សព្វថ្ងៃនេះលោកពូមានដីចម្ការច្រើនជាង ១០ហិកតា សម្រាប់ដាំដំណាំកាហ្វេ ពោលដីចម្ការមានច្រើនមិនខ្វះទេ ខ្វះតែកម្លាំងដាំដុះប៉ុណ្ណោះ។ តែទោះជាយ៉ាងណា កាហ្វេប្រមាណ ២០០ដើម ត្រូវបានដាំដុះរួចជាស្រេចនៅលើដីចម្ការរបស់លោកពូផ្ទាល់។
លោកស្រី តុង ចាន់ធាង នាយិកាអង្គការ CEDAC បានបញ្ជាក់ថា ការជួយជ្រោមជ្រែងប្រជាកសិករនៅខេត្តមណ្ឌលគិរី ឱ្យចេះដាំដំណាំសរីរាង្គនេះ គឺដើម្បីប្រែក្លាយទម្លាប់របស់ពួកគាត់ដែលធ្លាប់តែធ្វើដំណាំវិលជុំ មកជាការដាំដុះដំណាំសរីរាង្គដែលមានតម្លៃក្នុងទីផ្សារវិញ សំដៅជួយលើកស្ទួយជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
ម្យ៉ាងវិញទៀត ការជួយពួកគាត់ឱ្យចេះធ្វើកសិកម្មសរីរាង្គនេះ គឺដើម្បីកុំឱ្យពួកគាត់បន្តមុខរបរបរបាញសត្វព្រៃ កាប់ព្រៃឈើ ឬប្រកបមុខរបរណាដែលនាំឱ្យហិនហោចដល់ធនធានធម្មជាតិ នៅខេត្តភាគឦសានដ៏រមណីយមួយនេះ៕