(កំពត)៖ មន្ដ្រីយោធាម្នាក់ និងបក្ខពួកសរុប៦នាក់ ចេញពីផឹកស៊ីក្នុងហាងខារ៉ាអូខេរ៉ូយ៉ាល់កំពត ដកកាំភ្លើងបាញ់មេឃដោយគ្មានមូលហេតុ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត តែត្រូវកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗ ចំនួន៣នាក់។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុ មានមនុស្សមួយក្រុមមានគ្នា០៦នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួន០៤គ្រឿង ក្រោយចេញពីខារ៉ាអូខេរ៉ូយ៉ាល់ ហើយបានដកកាំភ្លើងខ្លី បាញ់ឡើងលើមួយគ្រាប់ ហើយជិះម៉ូតូគេចចេញបាត់។
ក្រោយមកទៀត ខ្មាន់កាំភ្លើងខាងលើ បានបាញ់ឡើងលើនៅ២កន្លែងផ្សេងទៀត ដោយមួយកន្លែងនៅលើស្ពានព្រែកកំពង់បាយ និងនៅក្បែរខារ៉ាអូខេរ៉ូយាល់ ដដែល ហើយគេខ្លួនបាត់ស្រមោល។
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវភា្លមៗ ស្ទើរតែពេញមួយយប់ទល់ភ្លឺ រហូតដល់ទាបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដោយម្នាក់ជាមន្ដ្រីយោធា (ជនដៃដល់)។
ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ ហេង ចិន្តា ហៅចិន អាតុ៣៣ឆ្នាំ ជាមន្ដ្រីយោធា រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានកាំភ្លើងខ្លីទំនើបមួយដើម ម៉ាក Glock 19 លេខLL T620 បង់១ ហើយជននេះមានអត្តសញ្ញាណប័ណ្ណទាហាន និងប័ណ្ណសំគាល់អាវុធសមូហភាព, ជនសង្ស័យទី២៖ឈ្មោះលាង សំបូរ ហៅម៉ាប់ អាយុ៣១ឆ្នាំ មានទីលំនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (គូកនផឹកស៊ីជាមួយ) និងទី៣៖ឈ្មោះ ប៊ូ សុភា ហៅម៉ៅ អាយុ៣៣ឆ្នាំ នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត (គូកនផឹកស៊ីជាមួយ)។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់តាមច្បាប់៕