(ភ្នំពេញ)៖ ក្រុមនិស្សិតអាហារូបករណ៍ជីប ម៉ុង ជំនាន់ទី១ បានធ្វើទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃនៅតាមក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣ របស់ក្រុមហ៊ុន ជីប ម៉ុង។

ដំណើរទស្សនកិច្ច កាលពីថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គឺជាផ្នែកមួយនៃកម្មវិធី Enrichment Program របស់អាហារូបករណ៍ជីប ម៉ុង ដែលក្នុងនោះ ក្រុមនិស្សិតអាហារូបករណ៍ នឹងមានឱកាសចុះធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅតាមបណ្តារោងចក្រនានារបស់ ក្រុមហ៊ុន ជីប ម៉ុង ដើម្បីស្គាល់ពីផលិតផលក្នុងស្រុក និងគុណភាពផលិតផលទាំងនោះ ក៏ដូចជាបានឃើញសង្វាក់ផលិតកម្មផ្ទាល់របស់រោងចក្រផងដែរ។

ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ បាននាំនិស្សិតអាហាររូបករណ៍ទៅដល់ រោងចក្រផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រោងចក្រផលិតក្បឿង និងទុយោរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ព្រមទាំងរោងចក្រផលិតស៊ីម៉ង់ត៍អូដ្ឋ របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលស្ថិតក្នុងខេត្តកំពត។

នៅព្រឹកថ្ងៃទី២នៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតអាហារូបករណ៍ជីប ម៉ុង ព្រមទាំងបុគ្គលិក និងនិស្សិតអាហារូបករណ៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ក្នុងខេត្តកំពតបានចូលរួមប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ជាមួយនឹងមន្ទីរបរិស្ថានខេត្តកំពត អាជ្ញាធរក្នុងមូលដ្ឋាន និងសិស្សានុសិស្សមកពីសាលានានាក្នុងខេត្ត។

កញ្ញា សៀក ប៉ និសិត្សអាហារូបករណ៍ ជីប ម៉ុង បានឲ្យដឹងថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ពីព្រោះនៅក្នុងសាលារៀនខ្ញុំរៀនពីទ្រឹស្តី ប៉ុន្តែពេលនេះខ្ញុំមានឱកាសស្វែងយល់ពីសង្វាក់ផលិតកម្មផ្ទាល់ក្នុងរោងចក្រ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃនេះ អាចឲ្យខ្ញុំស្គាល់សិស្សអាហារូបករណ៍ដទៃទៀត ហើយមានឱកាសចូលរួមការងារសង្គម ដូចជាក្នុងថ្ងៃនេះ យើងបានចូលរួមប្រារព្ធទិវាបរិស្ថានជាតិនៅក្នុងក្រុងកំពតនេះជាដើម»

គួរបញ្ជាក់ផងដែរថា បេក្ខជនជាប់អាហារូបករណ៍ ជីប ម៉ុង ឆ្នាំ២០១៨ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ ៕