(ព្រះសីហនុ)៖ អង្គការមូលនិធិបង្ការរបួសអាស៊ី បានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយ អំពីការពាក់មួកសុវត្ថិភាពលើដងផ្លូវដើម្ប ជំរុញឲ្យការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ពីអ្នកប្រើប្រាស់ផ្លូវនៅក្នុងខេត្តព្រះសីហនុ។
សកម្មភាពនាពេលថ្មីៗនេះ ដឹកនាំអនុវត្តដោយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមគាំទ្រពីក្រុមហ៊ុន PH One Development (Cambodia) Limited (CAMHOMES) ដោយក្នុងនោះតាមរយៈការគាំទ្រ របស់ក្រុមហ៊ុន មួកសុវត្ថិភាពចំនួន១៥០មួក ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់កុមារ និងប្រជាពលរដ្ឋ និងកុមារដែលមិនពាក់មួកសុវត្ថិភាព និងបន្ទាប់ពីទទួលបានការអប់រំ អំពីសុវត្ថិភាពចរាចរណ៍ និងចំនុចសំខាន់ៗមួយចំនួន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បើតាមរបាយការណ៍បញ្ជាក់ថា ក្នុងប្រទេសកម្ពុជា មានមនុស្សប្រមាណ ១,៩៧៦នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៧ ដែលក្នុងនោះ កុមារអាយុពី០ទៅ១៤ឆ្នាំ មានចំនួនជិត១៥០នាក់ នៃអ្នកស្លាប់ទាំងនេះ ហើយដែលជាចំនួនច្រើនជាង ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងគ្រាប់មីនបូកបញ្ចូលគ្នាទៅទៀត។
ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងប្រមាណជិត១០% នៅក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៧ ហើយបានធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាខេត្តដែលមានកម្រិតគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេទី១២។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានថ្លែងថា ទោះបីជាកាលពីឆ្នាំ២០១៧ នៅកម្ពុជាមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ៧៥ភាគរយ ជាអ្នកជិះម៉ូតូទោចក្រយានយន្ត តែមានអ្នកបើកបរជាមនុស្សពេញវ័យ តែ២៧ភាគរយ និងអ្នករួមដំណើរ រួមទាំងកុមារផង តែ៨ភាគរយប៉ុណ្ណោះ បានពាក់មួកសុវត្ថិភាព។
លោកបានបន្ថែមទៀតថា គោលដៅរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី គឺបន្តបង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃការពាក់មួកសុវត្ថិភាព និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សម្រាប់ប្រជាជនទាំងអស់ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ព្រោះថាការរងរបួស និងការស្លាប់មួយចំនួនធំ យើងអាចបង្ការបានតាមរយៈការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
លោក គួច លេងឃាង ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារ និងទំនាក់ទនងសាធារណៈ នៃក្រុមហ៊ុនCamhomes ក៏បានគូសបញ្ជាក់ថា ក្រុមការងារទាំងអស់ មានសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការពាក់មួកសុវត្ថិភាពនៅប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ ដែលមានការទទួលខុសត្រូវមួយ មិនត្រឹមតែមានការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការផ្តល់នូវសំណង់លំនៅដ្ឋាន ដ៏ទំនើបទាន់សម័យ និងមានគុណភាពខ្ពស់ជូនដល់អតិថិជនរបស់ខ្លូនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន Camhomes ក៏មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងការអភិវឌ្ឍន៍ សហគមន៍ដែលគាត់រស់នៅផងដែរ។
សូមបញ្ជាក់ថា ក្រៅពីបានគាំទ្រដល់សកម្មភាពអប់រំផ្សព្វផ្សាយ នៅលើដងផ្លូវខាងលើនេះ ក្រុមហ៊ុន (CAMHOMES) ក៏បានរួមចំណែកគាំទ្រដល់ ការប្រារព្ធសន្និសីទប្រចាំឆ្នាំ ស្តីពីចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលគ្រោងនឹងប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ៕