(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកព្រឹត្តិការណ៍ប្រណាំងទូក «ង» ដើម្បីអបអរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ។
ពិធីប្រណាំងទូក «ង» ជាលើកទី២ នៅខេត្តស្ទឹងត្រែងនេះ បានប្រព្រឹត្តទៅនៅលើផ្ទៃទឹកទន្លេសេកុង ទីរួមក្រុងស្ទឹងត្រែង ក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយនៅក្នុងពិធីនេះ គឺមានទូក«ង» ចូលរួមប្រណាំងចំនួន១៥ទូក មកពីបណ្តាក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត។
សូមបញ្ជាក់ថា ពិធីប្រណាំងទូក«ង» ថ្នាក់ខេត្ត នៅខេត្តស្ទឹងត្រែង ត្រូវបានរៀបចំបានចំនួនមួយលើករួចមកហើយកាលពីឆ្នាំ២០១៧ ក្រោមការផ្តួចផ្តើមពី លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ហើយត្រូវបានប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ខេត្ត ព្រោះកន្លងមកពុំមានព្រឹត្តិការណ៍ប្រណាំងទូក«ង» ថ្នាក់ខេត្តធំបែបនោះឡើយ៕