(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Chen Dehai អគ្គលេខាធិការ នៃមជ្ឈមណ្ឌលចិន អាស៊ាន និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅសាលាខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោក Chen Dehai អគ្គលេខាធិការ នៃមជ្ឈមណ្ឌលចិន អាស៊ាន ក៏បានលើកឡើងពីគោលបំណងរបស់ខ្លួន ដោយផ្តោតសំខាន់លោកកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិន កម្ពុជា សំខាន់រវាងខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តសៀមរាប។ ក្នុងនោះលោកក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដែលជាខេត្តមានសម្បត្តិបេតិកភណ្ឌពិភពលោក និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងការងារវិស័យកសិកម្មផងដែរ។
លោកអគ្គលេខាធិការ ក៏បានលើកឡើងផងដែរ លើវិស័យពាណិជ្ជកម្មរបស់ខេត្តសៀមរាប ព្រមទាំងមានមោទនភាពផងដែរ នៃចំណងមិត្តភាពកម្ពុជា ចិន ដែលជាដៃគូដ៏រឹងមាំលើការអនុវត្តគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាតមួយ។ ម៉្យាង ទៀងរវាងកម្ពុជា ចិន មានប្រវត្តិសាស្ត្រជាយូរលង់មកហើយ នាសម័យអង្គរ តាមរយៈការទូត ជី តាខ្វាន់។ លោកក៏បានលើកនូវ បទពិសោធន៍ល្អៗដែលជាមូលដ្ឋានគ្រឹះ ដើម្បីផ្សាភ្ជាប់នូវចំណងទំនាក់ទំង កិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត ក្រុងនិងក្រុង និងរមណីយដ្ឋាន និងរមណីយដ្ឋាន ក្នុងគោលដៅផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នា តាមរយៈការផ្តាស់ប្តូរដំណើរទស្សនកិច្ចសិក្សាពិគ្នាទៅវិញទៅមក។
លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរ ទើបប្រារព្ធខួប៦០ឆ្នាំ នៃកិច្ចទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និង បានលើកនូវ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយបានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តវៃឆ្លាតទី៣ នៅកម្ពុជា។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពនៃសាធារណរដ្ឋប្រជាមានិតចិន និង ខេត្តសៀមរាប លើវិស័យកសិកម្ម វិស័យអប់រំ ក្នុងការផ្តល់អាហារូបករណ៍ និងវិស័យសុខាភិបាល ដោយបានបញ្ជូនគ្រូពេទ្យស្ម័ត្រចិត្តមកព្យាបាលជំងឺ ជូនប្រជាជនដោយឥតគិតថ្លៃ សំខាន់ការព្យាបាលជំងឺភ្នែកឡើងបាយ ព្រមទាំងបានផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច សិក្សាពីគ្នាទៅវិញទៅមកផងដែរ។
ក្នុងនោះដែរលោកក៏បានលើកឡើង អំពីកំណើនៃភ្ញៀវទេសចរ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ពិសេសចំនួនភ្ញៀវទេសចរណ៍ចិន ស្ថិតនៅលំដាប់លេខ១។ លោក ឃឹម ប៊ុនសុង ក៏បានលើកផងដែរអំពី ហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេសចរណ៍របស់ខេត្ត និងវិស័យពាណិជ្ជកម្មផងដែរម៉្យាងទៀត នៅខេត្តសៀមរាប ក៏មានអ្នកវិនិយោគចិន បានចូលមកវិនិយោគផងដែរ។
លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្ត មួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ច្រើនជាងគេនៅកម្ពុជា។ ទោះបីខេត្តមានសម្ព័ន្ធមេត្រីភាពច្រើនយ៉ាងណាក៏ដោយ តែតម្រូវការចាំបាច់របស់ខេត្តនូវតែស្វែងរកនូវដៃគូ ចូលមកវិនិយោគក្នុងខេត្តជាបន្តលើវិស័យកសិកម្ម និងទេសចរណ៍ ដើម្បីបំពេញនូវតម្រូវការរបស់ភ្ញៀវ។
ក្នុងនោះលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលតែងតែគាំទ្រលើកិច្ចអភិឌ្ឍន៍នៅកម្ពុជា សំខាន់ការជួសជុលប្រាង្គប្រាសាទ ចៅសាយទេវតា, ប្រាសាទតាកែវ រួមទាំងស្ថាបនាផ្លូវថ្នល់ក្នុងខេត្ត។ម៉្យាងទៀត រាល់ចំណុចសំខាន់ៗដែលគណៈប្រតិភូផ្តល់ជូន ដែលជាប្រទីបឆ្លុះបញ្ចាំង ធ្វើឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំតទៅអនាគត៕