(ភ្នំពេញ)៖ ជាងផ្សារដែកម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ តាមស្រាវជ្រាវឃាត់ខ្លួនបាន នៅត្រង់ចំណុចក្បែរដីឡូតិ៍ គ្មានលេខមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា ក្រោយពីបុរសជាជាងដែករូបនោះ បានរាយខ្សែរភ្លើងក្នុងគោលបំណង ដើម្បីឆក់យកត្រី តែបែរជាឆក់ក្មេងប្រុសរៀនថ្នាក់ទី៣ម្នាក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅក្បែរចំណុចកើតហេតុខាងលើ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ។
បើតាមលោកវរសេនីយ៍ត្រី អ៉ីវ ឈុនផេង អធិការរងទទួលផែនការងារព្រហ្មទណ្ឌខណ្ឌឬស្សីកែវ ដែលស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ បានឲ្យដឹងថា នៅក្នុងការតាមស៉ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនបុរសជាជាងដែក ដកហូតបានខ្សែរភ្លើងពណ៌ខ្មៅ ប្រវែង១០០ម៉ែត្រ និងដងសម្រាប់ឆក់ត្រីចំនួន២ដើម។ ប្រតិបត្តិការខាងលើនេះ គឺបានអនុត្តន៍ឡើងភ្លាមៗ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីឪពុករបស់ក្មេងប្រុសរងគ្រោះ ដោយសង្ស័យចំពោះអ្នកដែលតខ្សែភ្លើងឆក់ ដើម្បីយកត្រីនៅក្បែរកន្លែងកើតហេតុ។
លោកអធិការរងព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានបញ្ចាក់ថា ក្រោយពីបុរសជាឪពុករបស់ក្មេងប្រុសរងគ្រោះ បានជួបហេតុការដ៏អាក្រក់នេះហើយ លោកពុំបានរាយការណ៍ជូនមកសម្ថកិច្ច ឲ្យបានដឹងនោះទេ ដោយយកសពកូនទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលឯណោះ។
លោកថា ដោយសារតែនៅមុនពេលកើតហេតុកាលពីថ្ងៃទី១៣ ពោលគឺកាលពី៦ថ្ងៃមុន មានគេប្រទះឃើញជនរងគ្រោះជាក្មេងដេកស្លាប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋាន សហការជាមួយកម្លាំងការិយាល័យជំនាញ បច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង និងបានវាយតម្លៃសន្និដ្ឋានថា សង្ស័យជាករណីឃាតកម្ម។
លោកអធិការរងបានបញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះ ថា ស៉ីថុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបររៀននៅសាលាទួលសង្កែ ថ្នាក់ទី៣ ស្នាក់នៅជាមួយឪពុកឈ្មោះ អ៊ិត ស៉ីថា អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្ថិតនៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលំ ក្នុងក្រុម៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ រីឯជនបង្កឈ្មោះ នុត សុផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះលេខ២៤៧ ផ្លូវ៥៩៨ ក្រុម១២ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
សូមបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធក្នុងបទល្មើសឃាតកម្មខាងលើ រួមជាមួយវត្ថុតាង បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕