(ភ្នំពេញ)៖ ក្នុងពិធីដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជាក្រុមហ៊ុនដែលធ្វើការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករខ្មែរទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ក្រុមហ៊ុនមួយនេះ ត្រូវបន្តការយកចិត្តទុកដាក់ធានាសុវត្ថិភាព និងលក្ខខណ្ឌការងារជូនដល់ពលការិនីកម្ពុជា។
លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនខាងលើ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុងកុង ប្រកបដោយជោគជ័យ ដោយគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីធានាបាននូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ ពិសេសការធានាបាននូវលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរឡើង ជូនដល់ពលការិនីកម្ពុជា ដែលនឹងចេញទៅបម្រើការងារជាជំនួយការផ្ទះនៅទីក្រុងហុងកុង នាពេលខាងមុខឆាប់ៗនេះ។
លោក អ៉ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស,ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរដោយខ្លួនឯង។
ជាក់ស្តែង ដើម្បីឱ្យការបញ្ជូនពលការិនីជំនួយការផ្ទះទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុងទទួលបានជោគជ័យ សម្រាប់ដំណាក់កាលសាកល្បងដំបូង នៅឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយសមាគមអភិវឌ្ឍធនធានមនុស្សកម្ពុជានៅហុងកុង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាគាំពារ និងសេវាគាំទ្រនានាសម្រាប់ពលការិនីជំនួយការផ្ទះ និងផ្សព្វផ្សាយណែនាំអំពីពលការិនីជំនួយការផ្ទះកម្ពុជាទៅដល់និយោជកហុងកុង។
សព្វថ្ងៃ នៅទីក្រុងហុងកុងមានពលករបរទេសបម្រើការងារផ្ទះ មានចំនួនប្រហែល ៣៥៧,០០០នាក់ ភាគច្រើនជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយពួកគេទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចពលករហុងកុងដែរ។
រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានដាក់ឱ្យមាននូវកិច្ចសន្យាការងារស្តង់ដា សម្រាប់គាំពារបន្ថែមជូនដល់ពលករបរទេសបម្រើ ការងារតាមផ្ទះ រួមមានប្រាក់បៀវត្សទាបបំផុតត្រឹមប្រមាណ ៥៧០ដុល្លារអាមេរិក ដែលនឹងត្រូវត្រួតពិនិត្យឡើងវិញជាទៀងទាត់ ការផ្តល់អាហារ ឬប្រាក់ហូបចុកចំនួន ១៣៣ដុល្លារអាមេរិក ក្នុង១ខែ ការស្នាក់នៅសមរម្យដោយមិនគិតថ្លៃ ការចេញថ្លៃសំបុត្រយន្តហោះត្រឡប់មកវិញ និងការព្យាបាលជំងឺដោយមិនគិតថ្លៃ។ល។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន ៦ប្រទេស គឺប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់។
កន្លងមកពួកគាត់បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង ២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង៕