(មណ្ឌលគិរី)៖ ខណៈប្រជាពលរដ្ឋកម្ពុជា បច្ចុប្បន្នពេញនិយមបរិភោគកាហ្វេច្រើនឡើងៗ ហើយដោយសារតែកាហ្វេដែលប្រើប្រាស់ក្នុងស្រុក នៅតែនាំចូលពីក្រៅប្រទេសផងនោះ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CEDAC (សេដាក) បានបង្ហាញទិសដៅផ្គត់ផ្គង់ទីផ្សារកាហ្វេសរីរាង្គនៅក្នុងប្រទេស ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ នៅរយៈពេលពី ៣-៥ឆ្នាំទៀត ហើយក៏មានទិសដៅនាំចេញទៅក្រៅប្រទេសថែមទៀតផង។
អំឡុងពេលដឹកនាំក្រុមអ្នកសារព័ត៌មាន ធ្វើដំណើរទស្សនកិច្ចចម្ការកាហ្វេសរីរាង្គនៅខេត្តមណ្ឌលគិរី នាចុងសប្ដាហ៍មុន តំណាងអង្គការ CEDAC បានប៉ានស្មានថា បច្ចុប្បន្ននៅកម្ពុជាមានតម្រូវការ កាហ្វេប្រមាណ១ម៉ឺនតោនក្នុងមួយឆ្នាំ ដែលភាគច្រើនជាកាហ្វេនាំចូលពីក្រៅប្រទេស ដូចជាមកពីវៀតណាម ឡាវ ថៃជាដើម។
អង្គការ CEDAC បានបញ្ជាក់ថា ទោះយ៉ាងនេះក្ដី ការនាំចូលកាហ្វេពីក្រៅប្រទេសមិនទាន់ប៉ះពាល់ដល់ទីផ្សារក្នុងស្រុកខ្លាំងនៅឡើយទេ ព្រោះដោយសារកាហ្វេក្នុងស្រុកមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្តែទាំងនេះគឺជាឱកាសសម្រាប់ប្រជាកសិករ និងផលិតករក្នុងស្រុកដែលមានបំណង និងកំពុងប្រកបរបរនេះទៅវិញទេ។
ការរំពឹងទុករបស់ CEDAC គឺនៅរយៈពេលពី៣-៥ឆ្នាំទៀត កម្ពុជានឹងផលិតកាហ្វេសរីរាង្គដោយខ្លួនឯងបានកាន់តែច្រើន និងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ កាត់បន្ថយការនាំចូលកាហ្វេបានកាន់តែច្រើន ខណៈដែលបច្ចុប្បន្ននេះ ទីផ្សារកាហ្វេសរីរាង្គរបស់ CEDAC បានចាប់ផ្ដើមរយៈពេលមួយឆ្នាំមកហើយ។
ជាមួយការពិតណាស់ អង្គការ CEDAC បាននិងកំពុងខិតខំបំណ្ដុះបណ្ដាលប្រជាកសិករ ដែលជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីឱ្យចេះដាំ ព្រមទាំងជួយជាសម្ភារៈ និងមធ្យោបាយជាច្រើនទៀត តាំងពីការរៀបចំដី ការដាំដុះ និងការថែទាំដំណាំកាហ្វេ, ការបេះ និងហាលផ្លែកាហ្វេ, ការបកសំបក ការលីញ និងវិចខ្ចប់គ្រាប់កាហ្វេ រហូតដល់ការនាំផលិតផលកាហ្វេទៅកាន់ទីផ្សារ ពិសេសកំពុងខិតខំបញ្ចូលកាហ្វេសរីរាង្គរបស់កម្ពុជា ចូលទៅប្រកួតប្រជែងក្នុងទីផ្សារក្រៅប្រទេសថែមទៀតផង។
ក្រៅពីនេះ អង្គការ CEDAC បាននិងកំពុងខិតខំធ្វើការងារជាច្រើន ដើម្បីឱ្យប្រជាពលរដ្ឋស្គាល់កាហ្វេសរីរាង្គកាន់តែច្រើន ចូលរួមគាំទ្រ និងបរិភោគកាហ្វេសរីរាង្គដែលដាំ និងផលិតក្នុងស្រុក មានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យ និងការបញ្ជាក់ពីស្ថាប័នជំនាញត្រឹមត្រូវ និងអាចជឿទុកចិត្តបាន។
បច្ចុប្បន្នកាហ្វេសរីរាង្គនៅខេត្តមណ្ឌលគិរី មានលក់ជាបណ្ដើរៗហើយនៅទីផ្សារនានា នៅក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារកសិផលសរីរាង្គសេដាក (ផ្សារអូក្រា) ហាងកាហ្វេ F Cafe (អេហ្វកាហ្វេ) ហាងរ៉ូប៊ូស្ដាប៊ូស្រាកាហ្វេ ហាងប៊ីងហ្គោកាហ្វេ ដែលសុទ្ធតែកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមបរិភោគកាហ្វេ។
ជាការអំពាវនាវរបស់អង្គការ CEDAC គឺថាការបរិភោគកាហ្វេសរីរាង្គដែលមានប្រភពច្បាស់លាស់ គឺជួយបានច្រើនដល់សុខភាព ថ្វីដ្បិតតម្លៃរាងខ្ពស់ជាងកាហ្វេនាំចូលដែលគ្មានប្រភពច្បាស់លាស់បន្តិច ពិសេសគឺជាការរួមចំណែកយ៉ាងធំធេង ក្នុងការលើកស្ទួយជីវភាពប្រជាកសិករផងដែរ។ ផ្ទុយទៅវិញ ការបរិភោគកាហ្វេក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ឬកាហ្វេគ្មានគុណភាព គឺមិនល្អឡើយសម្រាប់សុខភាពរបស់អ្នកបរិភោគ៕