(ឧត្តរមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ យល់ឃើញថា បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និងតាមបណ្តាផ្សារនីមួយៗ បានទទួលរងនូវការទិញនូវនំចំណី ភេសជ្ជៈ ដែលជាផលិតផលម្ហូបអាហារ យកទៅបរិភោគ គឺភាគច្រើនទិញបានតែផលិតផលដែលគ្មានគុណភាព។
ជាក់ស្តែង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្ម សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានផងដែរ បានបន្តការចុះត្រួតពិនិត្យ មើលការដាក់តាំងលក់ផលិតផល គ្រឿងបរិភោគ នៅគោលដៅធំៗដែលដាក់តាំងលក់នៅតាមដងផ្លូវ និងផ្សារអន្លង់វែង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាហាងសំរាប់លក់ចែកចាយបន្ត ដល់ដល់បងប្អូននៅតំបន់ដាច់ស្រយ៉ាល ដូចជា នៅតាមឃុំទំនប់ដាច់ ឃុំព្រះប្រឡាយ និងឃុំត្រពាំងប្រាសាទ ដែលស្ថិតនៅស្រុកត្រពាំងប្រាសាទជាដើម។
នៅក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត ក៏បានត្រួតពិនិត្យ និងបានសុំដកហូតទឹកតែបៃតងចំនួន២២១ដប, ទឹកផ្លែឈើ៤៦ដប, ទឹកតែបូបូ៥០ដប, ទឹកសេរ៉ូ២៣ដប, ទឹកដោះគោកូនក្មេង៣៦ដប , ទឹកសណ្តែកចំនួន០៦កំប៉ុង និងនំធុងចំនួន០៣ធុងធំផងដែរ ដែលជាផលិតផលហួសកំណត់ការបរិច្ឆេទ និងត្រូវបានមន្ត្រីជំនាញធ្វើកំណត់ហេតុសុំដកទុក្ខធ្វើការកម្ទេចចោលនៅពេលក្រោយ។
ជាមួយគ្នានោះផងដែរ លោក ខាន់ រ៉ាត់ បានអប់រំណែនាំបន្ថែមឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចំបង។ តែទោះបីជាយ៉ាណាក្តី មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ នៅតែបន្តសកម្មភាពចុះត្រួតពិនិត្យលើផលិតផលដែរហួសការបរិច្ឆេទ និងពិនិត្យលើចំណីអាហារខូចគុណភាពបន្តបន្ទាប់ទៀត។
បន្ទាប់មកលោក ខាន់ រ៉ាត់ រួមទាំងក្រុមការងារក៏បាន បិទ និងចែកជូននូវផ្ទាំង poster ដល់សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជាច្រើនផ្ទាំងសម្រាប់ និងយកទៅមើលឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់និងជួយផ្សព្វផ្សាយបន្តពីផលប៉ះពល់ពីសុខភាពបងប្អូនប្រជាពលរដ្ឋយើង៕