Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ចុះភ្ជាប់បង្គោលព្រំដែនបំពេញបន្ថែមចុងក្រោយ នៅខេត្តមណ្ឌលគិរី របស់កម្ពុជា ទល់នឹងខេត្តប៊ិនភៀក របស់វៀតណាម

19-11-2018 17:55

(មណ្ឌលគីរី)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និង នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការបានដឹកនាំគណៈប្រតិភូព្រំដែន ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះភ្ជាប់បង្គោលព្រំដែនបំពេញបន្ថែមចុងក្រោយ នៅតំបន់ដែលឯកភាពគ្នា រវាងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និងខេត្តប៊ិនភៀក ប្រទេសវៀតណាម។

បើតាម លោកស្រី កុយ ពិសី នៅខេត្តមណ្ឌលគិរី ទល់នឹងខេត្តប៊ិនភៀកនេះ មានបង្គោលព្រំដែនបំពេញបន្ថែមដែលកម្ពុជា ទទួលបន្ទុកសាងសង់ចំនួន១៩៧ ក្នុងនោះមានបង្គោលបំពេញបន្ថែមចំនួន១៨៩ និងបង្គោលតម្រុយចំនួន៨ ដែលត្រូវបញ្ចប់នៅថ្ងៃនេះតែម្តង។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន សរុបចំនួន៣១៤ ទីតាំងង្គោល។

បើតាមការបញ្ជាក់ របស់គណៈកម្មាធិការព្រំដែន បានឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែន រវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕