(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ដែលបានកាច់បំបែកសោកម៉ូតូ ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ របស់ជនរងគ្រោះចតទុកនៅមុខផ្ទះ រួចជិះរត់គេចខ្លួនបាត់ នៅចំណុចបុរី គឹង សុខា ស្ថិតនៅក្រុម១៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
បន្ទាប់ពីបានទទួលបណ្តឹង របស់ជនរងគ្រោះ កម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ក្រោមការបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ ជួន ណារិន្ទ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រោយការសួរនាំ ទើបដឹងថាមានបក្ខពួកជនសង្ស័យបានទៅលាក់ខ្លួន នៅស្រុកព្រៃនប់ ហើយក៏បន្តសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនបាន ជនសង្ស័យចំនួន២នាក់ទៀត។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លុក សុថា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ មានលេខតួៈ ៥២៩១៨៨ និងលេខម៉ាស៊ីនៈ ០៦០៣៨៦៤។
មន្ដ្រីនគរបាលដដែល បានបន្ដទៀតថា ជនសង្ស័យចំនួន៣នាក់នេះ រួមមាន៖
*ទី១៖ ឈ្មោះ អៀង គឹមសូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។
*ទី២៖ ឈ្មោះ ហោ កុសល់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ហសចារី)។
*ទី៣៖ ឈ្មោះ ទី វ៉ាន់ដុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរដឹកម្ហូបហាងចិន មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (បក្ខពួកសមគំនិត)។
វត្ថុតាងចាប់យកបាន៖
* ម៉ូតូ១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ មានលេខតួៈ ៥២៩១៨៨ និងលេខម៉ាស៊ីនៈ ០៦០៣៨៦៤ (ផលនៃអំពើលួច), ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៨៧២៨៨៤៣ (ផលនៃអំពើលួច)។
* ម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ក្រហម គ្មានស្លាកលេខ មានលេខតួៈ ០៤២៥៤៣ និងលេខម៉ាស៊ីនៈ ០៧៥០៣២៧ (ផលនៃអំពើលួច)។
* ម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ស គ្មានស្លាកលេខ មានលេខតួៈ ៦០៥៦០៧ និងលេខម៉ាស៊ីនៈ គ្មាន «ឈុសចោល» (ផលនៃអំពើលួច)។
* សោច្នៃ សម្រាប់កាច់កម៉ូតូ២ និងសោរលេខ៨ ចំនួន១។
* កូនកាំប៉ិតចុច១ ពណ៌ផ្កាឈូក។
* ទូរស័ព្ទ៤គ្រឿង (អិនចុចពិល២គ្រឿង, Vfone១គ្រឿង, HUAWEI១គ្រឿង)។
ចំពោះករណីនេះ ត្រូវបានកម្លាំងជនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ៕