(ប៉ៃលិន)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ខេត្តប៉ៃលិន រៀបចំការប្រឡងជ្រើសរើស មន្ដ្រីបម្រើការងារក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលមានបេក្ខជនចំនួន១៣៨នាក់ ក្នុងនោះស្រី៤១នាក់ ចូលរួមប្រឡងប្រជែង ស្ថិតនៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ខេត្តប៉ៃលិន។
សម្រាប់ការប្រឡងនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកកញ្ចប់វិញ្ញាសារប្រឡង ដោយបានគូសបញ្ជាក់ថា ការប្រឡងនេះ ធ្វើឡើងដោយភាពត្រឹមត្រូវបំផុត ដូច្នេះទាមទាឱ្យអ្នកដាក់ពាក្យប្រឡង ត្រូវមានចំណេះដឹងឱ្យពិតប្រាកដ និងតាមដានគ្រប់វិញ្ញាសារប្រឡង ដែលអានជូនដោយគណៈមេប្រយោគ។
លោក ផាន់ ចាន់ធុល ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ សូមប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលមានពីព្រោះថា បើតាមកម្មវិធីនៃវិញ្ញាសារនីមួយៗ គឺមានរយៈពេលខ្លី ហើយត្រូវជៀសវាងដាច់ខាតនូវការចម្លងគ្នា ក៏ដូចជាសកម្មភាពផ្សេងៗទៀត ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង ដែលបានចែងសម្រាប់ការប្រឡងនេះ។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានជូនពរដល់បេក្ខជនទាំងអស់ ទទួលបានលទ្ធផលល្អ និងជោគជ័យ ទៅតាមចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចគោលដៅដែលខ្លួនប៉ង ទៅថ្ងៃអនាគត។
លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់គណៈមេប្រយោគ អនុរក្ស និងសមត្ថកិច្ច ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ និងអនុវត្តន៍ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាជួយសម្របសម្រួល ដើម្បីឱ្យកិច្ចដំណើរការប្រលងនេះ សម្រេចបានលទ្ធផលល្អប្រសើរ និងជោគជ័យទៅតាមការគ្រោងទុក។
បើតាមគណៈកម្មការប្រឡងបានឱ្យដឹងថា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌពន្ធនាគារ ក្រសួងមហាសផ្ទៃ ខេត្តប៉ៃលិន នៅក្នុងឆ្នាំនេះ មានបេក្ខជនសរុប ចំនួន១៣៨នាក់ ស្រី៤១នាក់ អវត្តមាន១៣នាក់ ជ្រើសរើសយក១២នាក់ ស្រី២នាក់ ដោយផ្ដោតទៅលើវិញ្ញាសារចំណេះដឹងទូទៅ ចំណេះដឹងលើវិស័យពន្ធនាគារ និងគណិតវិទ្យា មានរយៈពេល១ និង៣០នាទី ព្រមទាំងវិញ្ញាសារតែងសេចក្ដី ឬការសរសេរលិខិតរដ្ឋបាល មានរយៈពេល ១ម៉ោង ៣០នាទី៕