(ភ្នំពេញ)៖ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge ដែលជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែមានភាពជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចំពោះការគ្រប់គ្រងវិនិយោគិន និងប្រជាជនចិន ពីព្រោះកម្ពុជា គឺជាប្រទេសនីតិរដ្ឋ ដែលមានច្បាប់ទម្លាប់ច្បាស់លាស់។

ការលើកឡើងបែបនេះរបស់លោកឧកញ៉ា សៀ ឫទ្ធី ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយលោក ប៉ា ជេដ្ឋា និពន្ធនាយករង Fresh News ទទួលបន្ទុកព័ត៌មានសេដ្ឋកិច្ច ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ពាក់ព័ន្ធនឹងប្រធានបទ ស្តីពី «ឥទ្ធិពលការវិនិយោគរបស់ចិន ក្នុងវិស័យអចលនទ្រព្យកម្ពុជា» របស់ទូរទស្សន៍ Fresh News។

ឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យប្រជាជនត្រូវមាន ការជឿជាក់លើរាជរដ្ឋាភិបាល ពីព្រោះប្រទេសកម្ពុជា គឺជាប្រទេសនីតិរដ្ឋ ដែលមានច្បាប់ទម្លាប់ច្បាស់លាស់ បានន័យថា មានច្បាប់ទាំងអស់ ដែលអាចគ្រប់គ្រងអ្នកវិនិយោគ គ្រប់គ្រងការធ្វើអន្ដោប្រវេសន៍...អីចឹងយើងត្រូវតែត្រៀមខ្លួន ឲ្យបានរួចរាស់ខ្លួនឯង ដើម្បីប្រកួតប្រជែងជាមួយគេ»។

តែយ៉ាងណា លោកឧកញ៉ាបានស្នើឲ្យទាំងអ្នកវិនិយោគក្នុងស្រុក អ្នកប្រកបរបររកស៊ី រួមទាំងប្រជាពលរដ្ឋខ្មែរ គួរត្រៀមខ្លួនចាប់យកឱកាសបង្កើតដៃគូ ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងរបររកស៊ីរបស់ខ្លួនឲ្យបានរលូន នៅគ្រានៃការចូលមកដល់របស់អ្នកវិនិយោគ និងប្រជាជនចិន។

អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏ល្បីឈ្មោះនៅកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា «ចំពោះវិនិយោគិនចិន មកវិនិយោគនៅស្រុកខ្មែរ ពួកគាត់មិនអាចយកអី ពីស្រុកខ្មែរទៅវិញបានទេ ពីព្រោះថាសំណង់ទាំងអស់នោះ គឺនៅលើកទឹកដីរបស់ខ្មែរ ចឹងហើយយើងអត់គួរឲ្យខ្លាចសោះ យើងគួរតែស្វាគមន៍ពួកគាត់»

ជាមួយគ្នានេះ ឧកញ៉ា សៀ ឫទ្ធី ក៏បានស្នើឲ្យអាជ្ញាធរដែនដី ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ គួរមានការចុះទៅធ្វើបទបង្ហាញ ឬក៏ណែនាំច្បាប់ទម្លាប់របស់អ្នកវិនិយោគចិនផ្សេងៗ ឬក៏ប្រជាជនចិន កម្មករចិន ដែលពួកគាត់បានមក រកស៊ីនៅស្រុកខ្មែរ ឲ្យពួកគាត់យកថា ច្បាប់ទម្លាប់នេះ វាមានអីខ្លះ៕

ព័ត៌មានលម្អិតសូមទស្សនាវីដេអូននៃកិច្ចសម្ភាសន៍ទាំងស្រុង៖