(ភ្នំពេញ)៖ ដើម្បីបន្ថែមការងាយស្រួលដល់កម្មករ-កម្មការិនី ដែលបម្រើការងាររោចក្រកាត់ដេរ ឲ្យកាន់តែស្រួលក្នុងការបើកប្រាក់បៀវត្ស (បើកលុយ) ធនាគារអេស៊ីលីដា និងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានចុះកិច្ចព្រមព្រៀងដាក់ឲ្យសេវាបើកប្រាក់បៀវត្ស តាមធនាគារអេស៊ីលីដា។
ការចុះកិច្ចព្រមព្រៀងរវាងធនាគារអេស៊ីលីដា និងសមាគមរោងចក្រកាត់ដេរកម្ពុជានេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា និងឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា។
លោកបណ្ឌិត អ៊ិន ចាន់នី ថ្លែងឲ្យដឹងថា ធនាគារអេស៊ីលីដា ពិតជាមានក្ដីរីករាយ ក្នុងការចាប់ដៃគូជាមួយ សមាគមរោងចក្រកាត់ដេរ ក្នុងការបម្រើសេវាបើកប្រាក់បៀវត្សជូនដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ តាមរយៈសេវាកម្មធនាគារអេស៊ីលីដា ដោយបញ្ចូលទឹកប្រាក់ក្នុងគណនីប្រាក់បៀវវត្សរបស់កម្មករ-កម្មការិនីដោយប្រព័ន្ធអេឡិចត្រូនិក និងផ្ដល់ភាពងាយស្រួល, ឆាប់រហ័ស មានសុវត្ថិភាខ្ពស់ ចៀសវាងនូវហានីភ័យផ្សេងៗ និងចំណេញពេលវេលា ក្នុងការបើកប្រាក់បៀវត្សដល់កម្មករ-កម្មការិនី។
លោកបន្ដទៀតថា តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារអេស៊ីលីដា បានផ្តល់មធ្យោបាយបើកប្រាក់បៀវត្សងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់កម្មករ-កម្មការិនី នៃរោចក្រកាត់ដេរដែលជាសមាជិក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ កម្មករ-កម្មការិនី អាចបើកប្រាក់បៀវត្សតាមរយៈអេស៊ីលីដា យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) អេធីអឹម (ATM) គ្រប់ពេលវេលា, គ្រប់២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ ឬបញ្ជរបេឡានៅតាមការិយាល័យ សាខាធនាគារ អេស៊ីលីដា គ្រប់ខេត្ត-ក្រុងទូទាំងកម្ពុជា រៀងរាល់ម៉ោងធ្វើការដោយមិនគិតថ្លៃសេវា។
លោកបន្ដទៀតថា ពិសេសជាងនេះ តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត កម្មករ-កម្មការិនី អាចធ្វើការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ បងប្អូន, បង់ថ្លៃប្រើប្រាស់ទឹក-ភ្លើង, ទិញកាតទូរស័ព្ទ, ពិនិត្យមើលទឹកប្រាក់ក្នុងគណនី និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត រួមទាំងការទូទាត់ថ្លៃទិញទំនិញ និងសេវាកម្ម នានាតាមរយៈឃ្យូអរកូដ ដែលមាននៅតាមទីតាំងដៃគូទាន់ចិត្តរបស់ធនាគារ អេស៊ីលីដា ប្រមាណជាង១៦,០០០ដៃគូនៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគម GMAC បានថ្លែងថា ធនាគារអេស៊ីលីដា ភីអិលស៊ីបានជួយដល់កម្មករ-កម្មការិនីយ៉ាងច្រើន ហើយផ្ដល់នូវសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស។ លោកថា ជាក់ស្ដែងលោកផ្ទាល់ក៏បានប្រើប្រាស់ សេវាធនាគារអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា ផងដែរ។
លោកប្រធានសមាគមបញ្ជាក់ថា នៅពេលដែលកម្មករប្រើប្រាស់សេវា របស់ធនាគារ អេស៊ីលីដា បងប្អូនកម្មករ-កម្មការិនី អាចចំណេញបានច្រើន ដោយអាចធ្វើការចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័ត បានគ្រប់ពេល។
សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥រួមមាន៖ ធនាគារអេស៊ីលីដា ឡាវ លីមីធីត, អេស៊ីលីដា ស៊ីឃ្យូរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្រ្ដ អេស៊ីលីដា, មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងអេស៊ីលីដា ប្រូភើធី អិលធីឌី ព្រមទាំងការិយាល័យតំណាង នៅមីយ៉ាន់ម៉ាផងដែរ។ ដោយឡែកសមាគមរោងចក្រកាត់ដេរកម្ពុជា មានសមាជិកប្រមាណ៥៦៦ រោងច្រកកាត់ដេរ និងមានកម្មករ-កម្មការិនីប្រមាណ៦០៨,៤៧៩នាក់៕