(ភ្នំពេញ)៖ ពិធីសម្ពោធការបញ្ចប់ ការសាងសង់គ្រោងអគារ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលបានបញ្ចប់មុនកាលកំណត់ (ថ្ងៃទី៣១ ខែធ្នូ) រយៈពេលចំនួន៤២ថ្ងៃ។
ក្នុងពិធីសម្ពោធការបញ្ចប់ ការសាងសង់គ្រោងអគារនេះ មានការចូលរួមពី លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Tang Guoqi នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនឆាយណា ខនស្ទ្រាក់សិន ហ្វ័ត អេនជីនារីង ឌីវីសិន ខប អិលធីឌី រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនជាច្រើនរូប។
ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ជាសហគ្រាសចម្រុះខ្នាតធំលក្ខណៈអន្ដរជាតិ ដែលគ្របដណ្ដប់លើវិស័យជាច្រើនដូចជា ប្រតិបត្តិការទីក្រុង ការអភិវឌ្ឍដីធ្លី សណ្ឋាគារ ទេសចរណ៍ អាកាសចរណ៍ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងអ៊ីនធឺណេតជាដើម។
ការសាងសង់អាគារ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប មិនត្រឹមតែដើរតួនាទី ជាការិយាល័យ នៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវលំហនៃការអភិវឌ្ឍន៍ នាពេលអនាគតរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប និងជាវេទិកាមួយសម្រាប់លើកកម្ពស់នូវកេរ្ត៍ឈ្មោះ ក៏ដូចជាបង្ហាញនូវវប្បធម៌សហគ្រាសរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបដែលជាក្រុមហ៊ុនសាខាយ៉ាងសំខាន់មួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប បានចាក់ឫសរបស់ខ្លួន នៅប្រទេសកម្ពុជា អស់រយៈពេលជាង៣ឆ្នាំ ហើយក្រោមការដឹកនាំ របស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ក៏បានរៀបចំគម្រោងអគារចម្រុះ បែបទីក្រុងខ្នាតធំរាប់សិបគម្រោងទៀតផង។
បច្ចុប្បន្ននេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបមានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣០ក្រុមហ៊ុន ដែលបានវិនិយោគទុនជាទឹកប្រាក់សរុប លើសពី២ពាន់លានដុល្លារអាមេរិក និងមានដីបម្រុង សរុបជាង១០លាន ម៉ែត្រការ៉េសម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំគម្រោងអភិវឌ្ឍន៍សរុបចំនួន១៥លាន ម៉ែត្រការ៉េ។
អគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងឆ្នាំ២០១៨។ ដំណាក់កាល នៃការសាងសង់រចនាសម្ព័ន្ធខាងក្រៅ និងការរចនាផ្នែកខាងក្នុង នឹងត្រូវបានធ្វើឡើង បន្ទាប់ពីបញ្ចប់ការសាងសង់គ្រោងអគារនេះ ហើយអគារនេះ ត្រូវបានរំពឹងថា នឹងអាចដាក់ឲ្យប្រើប្រាស់នៅក្នុងខែមេសា ឆ្នាំ២០១៩។
អគារទាំងមូល បានប្រើប្រាស់រចនាបថបែបថ្មីទំនើប ដោយរួមបញ្ចូលគ្នារវាងរចនាបែបបច្ចេកវិទ្យាទំនើប ការិយាល័យលក្ខណៈអេកូឡូស៊ី និងសន្សំសំចៃថាមពល។ បន្ទាប់ពីសាងសង់រួចរាល់ អគារនេះ នឹងក្លាយជាអគារ និមិត្តសញ្ញាដ៏ពិសេសមួយនៅទីក្រុងភ្នំពេញ ដែលមានមុខងារជាច្រើន រួមបញ្ចូលគ្នាតែមួយរួមមាន៖ ការិយាល័យ បដិសណ្ឋារកិច្ច សន្និសីទ ការលក់និងទីផ្សារ និងសិល្បៈសំដែង -ល-។
នាពេលអនាគត គ្រប់ក្រុមហ៊ុនសាខា នៃក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប នឹងប្រមូលផ្តុំគ្នានៅទីនេះ ដោយកែប្រែពីស្ថានភាពដែលការិយាល័យមានទីតាំងខុសៗគ្នា ដើម្បីពង្រឹងសាមគ្គីភាពនៃក្រុមហ៊ុន។
ការិយាល័យលក់ របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ ក៏នឹងត្រូវផ្លាស់ប្តូរទីតាំងទៅជាន់ទី១ នៃអគារទីស្នាក់ការកណ្តាល ដើម្បីបង្ហាញពីគម្រោងនានា របស់ក្រុមហ៊ុនទាំងនៅក្នុងទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ក៏នឹងក្លាយជាសាលតាំងបង្ហាញបែបទីក្រុងដ៏ថ្មីមួយ នៅក្នុងទីក្រុងភ្នំពេញ។
ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ ក្រុមហ៊ុន នឹងយកប្រទេសកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រស្នូល ដែលនឹងបន្តបណ្តាក់ទុនយ៉ាងតិចចំនួន ១០ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាព ក្រុមហ៊ុនទៅកាន់ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម និងក្លាយខ្លួនជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ ដែលមានឥទ្ធិពលជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍៕