(បាងកក-ថៃ)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោយពីបញ្ចប់បេសកកម្មជាបន្តបន្ទាប់ នៅតាមបណ្តាប្រទេសនានា លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបន្តដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទទ្រព្យគរុភណ្ឌឥស្លាម សាកលលើកទី៦ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។
សន្និសីទនេះ រៀបចំឡើងដោយ ក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ (CICOT) សាកលវិទ្យាល័យអន្តរជាតិម៉ាឡេស៊ី Al-Madinah សាកលវិទ្យាល័យថៃជុឡាឡុងកន មូលនិធិឥស្លាមថៃ សាកលវិទ្យាល័យឥស្លាមអន្តរជាតិម៉ាឡេស៊ី ស្ថាប័ន UNIRAZAK ម៉ាឡេស៊ី និង Pekan Bau ឥណ្ឌូនែស៊ី នៅសណ្ឋាគារ Al Meroz វិថី Ramkhamhaeng ទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៩ ដល់ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងថា ប្រធានបទនៃសន្និសីទនេះ គឺកំណែទម្រង់ទ្រព្យគរុភណ្ឌសាសនា សម្រាប់ការវិវត្តវិស័យ ឧស្សាហកម្មលើកទី៤ ដែលនឹងផ្តល់ឱកាសដល់អង្គសន្និសីទ ដែលមកពីតំបន់ និងវិស័យខុសៗគ្នា នៃប្រទេសផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ទាក់ទងនឹង ការកែទម្រង់ប្រព័ន្ធទ្រព្យគរុភណ្ឌសាសនាទាំងមូល ឲ្យទៅជាផែនការយុទ្ធសាស្ត្រ ដែលបញ្ជ្រាបទ្រព្យគរុភណ្ឌ សម្រាប់ជួយដល់សុខុមាលភាពសង្គមមុស្លិម ដែលជាកម្លាំងនាំដល់ដំណើរការវិវត្តវិស័យ ឧស្សាហកម្មលើកទី៤។
បើតាមលោក អូស្មាន ហាស្សាន់ គោលបំណងរួមនៃការបង្កើត វិថីអភិវឌ្ឍន៍ទ្រព្យគរុភណ្ឌឥស្លាមពិភពលោក គឺជំរុញផ្លាស់ប្តូរការបញ្ជ្រាបសេដ្ឋកិច្ច និងសង្គម ជាមួយសេដ្ឋកិច្ចសាកល ទៅក្នុងសម័យកាលថ្មីនៃវិបុលភាព សុភមង្គល និងអភិបាលកិច្ចយុត្តិធម៌ សមធម៌ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរួម និងការចែករំលែកទៅក្នុងសង្គម៕