(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានបទពិសោធន៍ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺជារឿងត្រេតអរមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ជាពិសេសនៅតាមតំបន់ដាច់ស្រយ៉ាល ហើយការងារសប្បុរសធម៌មួយនេះ ក៏ត្រូវបានរួមចំណែកយ៉ាងធំធេងផងដែរ សម្រាប់វិស័យសុខាភិបាលនៅកម្ពុជា។
ជាក់ស្តែងប្រជាពលរដ្ឋក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមាណជាជិត៧ពាន់នាក់ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា, តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ រួមនឹងថែមជូនថ្នាំពេទ្យ ដោយមិនគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នាឱកាសដែលលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យចំនួន៣៥១នាក់ ចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅទីតាំងវត្តអង្គលំទង ភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន៦,៧១៥នាក់។
លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្តេជ្ញាចិត្ត និងខិតខំជួយឲ្យប្រជាពលរដ្ឋ មានសុខភាពល្អជាងនេះទៅទៀត។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នឹងពង្រឹងគុណភាណ ខាងផ្នែកបច្ចេកទេសបន្ថែមទៀត ក៏ដូចក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ល្អៗ ក៏ដូចថ្នាំពេទ្យដែលមានស្តង់ដារ គឺក្រុមគ្រូពេទ្យនឹងពង្រឹងគ្រប់ផ្នែក បច្ចេកទេសទាំងអស់ ក៏ព្រោះតែចង់បានបរិមាណហើយ ថែមទាំងចង់បានគុណភាពទៀតផង។
លោកបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី គឺមានផែនការច្បាស់លាស់ ក្នុងការការតាមដានអ្នកជំងឺ ករណីអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសហការជាមួយ មន្ទីរក្រសួងសុខាភិបាលខេត្ត ដើម្បីបញ្ជូនពួកគាត់ទៅតាមដានអ្នកជំងឺមកកាន់ភ្នំពេញ ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញដែលមានឧបករណ៍គ្រប់គ្រាន់ ព្យាបាលនិងតាមដានបន្តទៀត។
សម្រាប់ការព្យាបាល ជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួន តាមបណ្តារាជធានីខេត្ត ក្រុមគ្រូពេទ្យដែលដឹកនាំដោយ លោក លេង ផាលី មានសម្ភារៈគ្រប់គ្រាន់មួយចំនួនហើយ ដូចជាការឆ្លុះអេកូ ការវះកាត់ខ្នាត់តូច ក៏ប៉ុន្តែក្នុងពេលដែលអ្នកជំងឺ មានអាការៈធ្ងន់ធ្ងរនោះ ក្រុមការងារនឹងបញ្ជូនពួកគាត់(អ្នកជំងឺ) ទៅមន្ទីរពេទ្យធំៗ ដែលមានដូចជា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យលោកសង្ឃ ជាដើម។
ជាមួយគ្នានេះ អ្នកស្រី ថៃ ឈឿន មានវ័យ៦៣ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ លើកឡើងថា លើកទី១ក្នុងជីវិតហើយ ដែលគាត់ទទួលបានការព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គចិត្តរបស់ លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រប្រចាំ ខេត្តកំពង់ស្ពឺ។
អ្នកស្រីបន្តថា «សកម្មភាពនេះធ្វើឲ្យខ្ញុំនឹកថា នេះគឺជាការលះបង់របស់កូនសម្ដេច ហ៊ុន សែន។ ខ្ញុំសប្បាយចិត្តណាស់ ដែលមើលជំងឺដោយមិនអស់លុយ»។
លោក ធំ វ៉ា វ័យ៧២ឆ្នាំ រស់នៅស្រុកកងពិសី ដែលមានអាការៈរោយក និងរលោកក្រពះនោះ បានបង្ហាញអារម្មណ៍រីករាយ ក្រោយទទួលបានសេវាព្យាបាលជំងឺដោយគិតថ្លៃនេះ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ។ លោក ធំ វ៉ា និយាយថា «ខ្ញុំមិនដែលទទួលបានការមើលជំងឺអត់យកលុយបែបនេះពីមុនមកទេ។ ខ្ញុំអរគុណក្មួយៗ (ក្រុមគ្រូពេទ្យ) ណាស់ ដែលចុះមកព្យាបាលជំងឺខ្ញុំនៅពេលនេះ។ ហើយក៏អរគុណក្មួយ ហ៊ុន ម៉ានី ដែលត្រូវជាកូនសម្ដេចផងដែរ»។
ពលរដ្ឋរស់នៅស្រុកគងពិសីទាំង២នាក់នោះ ក៏បានជូនពរដល់លោក ហ៊ុន ម៉ានី ឲ្យសុខភាពល្អ និងបន្តដឹកនាំក្រុមគ្រូពេទ្យរបស់លោក មកព្យាបាលប្រជាពលរដ្ឋ ក្នុងខេត្តកំពងស្ពឺ នេះបន្តទៀត។
តាមរបាយការណ៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបង្ហាញថា ការព្យាបាលនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រេចបាន៖ ជំងឺកុមារ២៧៣នាក់, ជំងឺស្រ្តី១៩៩នាក់, ជំងឺផ្លូវចិត្ត១៨១នាក់, ជំងឺឫសដូងបាត២០៧នាក់, ជំងឺសន្លាក់ឆ្អឹង៩២នាក់, ជំងឺរលាកសួត៧៦នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១០៣នាក់, ជំងឺភ្នែក១០៧នាក់, ជំងឺសើរស្បែក៨៩នាក់, ជំងឺទឹកនោមផ្អែ២១៧នាក់, ជំងឺមាត់ធ្មេញ៩៣នាក់, អេកូសាស្ត្រ២០៨នាក់ ព្យាបាលរបួសនិងវះកាត់តូច៤៦ និងជំងឺទូទៅ៤,៨២៤នាក់។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បង្កើតឡើងនាថ្ងៃទី២ធ្នូ ឆ្នាំ២០១២ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕