(កំពង់ស្ពឺ)៖ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីប្រកាស ឱ្យចូលកាន់តំណែងលោកស្រី ចាត សូរស្មី ចូលមកកាន់ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។
ក្នុងពិធីផ្ទេរតំណែងនេះ ក៏មានការចូលរួមពីសំណាក់លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ, ប្រធានសាលាដំបូងខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការអាវុធហត្ថខេត្ត, បញ្ជាការតំបន់ប្រតិបត្តិការរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញារង មន្ដ្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តជាច្រើន រូបទៀតផងដែរ។
នៅក្នុងឱកាសនោះលោក អង្គវង្ស វឌ្ឍនា ក៏បានណែនាំ និងផ្តាំផ្ញើដល់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ឱ្យនាំគ្នាយកចិត្តទុកដាក់ មើលអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កុំឱ្យមានការចោទប្រកាន់រឿងអំពើពុករលួយ ដែលតែងតែកើតឡើង មកលើស្ថាប័នតុលាការ ជាញឹកញាប់ពេក អ្នកចាញ់ក្តីក៏ស្រែករកយុត្តិធម៌ និងចោទតុលាការ ជាពិសេសព្រះរាជអាជ្ញា និងចៅក្រមទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបាននូវភាពយុត្តិធម៌បំផុត។
លោករដ្ឋមន្ត្រីបានជំរុញឱ្យស្ថាប័នយុត្តិធម៌នៅតាមខេត្ត ត្រូវបង្កើនការសាមគ្គីភាពផ្ទៃ ក្នុងឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារ ស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយផ្នែកពាក់ព័ន្ធទាំងកងកម្លាំង ប្រដាប់អាវុធ ទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។ លោករដ្ឋមន្ត្រីក៏បានសន្យាស្នើសុំថវិកាជាតិ ដើម្បីធ្វើការកសាងអគារ នៃសាលាដំបូង ឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។
លោក វ៉ី សំណាង បានស្នើឱ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ របស់ប្រជាពលរដ្ឋ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព និងភាពយុត្តិធម៌។
លោកស្រី ចាត សូរស្មី ឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឡើងប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ និងសហការធ្វើការងារល្អ ជាមួយអាជ្ញាធរ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិ ឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៕