(ភ្នំពេញ)៖ សមត្ថកិច្ច និងអាជ្ញធររាជធានីភ្នំពេញ បានបង្ហាញពីកំណាត់ផ្លូវមួយចំនួន ដែលត្រូវបានហាមឃាត់មិនឱ្យយានយន្តធ្វើចរាចរណ៍ និងជំរុញឱ្យប្រជាពលរដ្ឋសហការទាំងលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
នៅក្នុងសន្តិសីទកាសែត មួយនាថ្ងៃទី១៨ វិច្ឆិកា ២០១៨ លោក ចែវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានដាក់វិធានការនៅតាមតំបន់មួយចំនួនជុំវិញនៃការប្រារព្ធពិធី ដោយនឹងត្រូវហាមឃាត់មធ្យោបាយផ្សេងៗ ជៀសសវាងការកកស្ទះ និងបង្កជាបញ្ហាយានយន្តច្រើន កុះករនៅកន្លែងប្រារព្ធពិធី។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបិទចរាចរណ៍ទាំងស្រុង ចាប់ពីផ្លូវ១៥០ កែងព្រះស៊ីសុវត្ថិ បានន័យថា ប៉ែកខាងជើងវត្តឧណ្ណាលោម កែងនឹងផ្លូវ១៣០ ដែលជាផ្លូវឯកទិស បុកចេញពីផ្សារធំថ្មី មកត្រង់កែងនឹងផ្លូវស៊ីសុវត្ថិ ហើយផ្លូវដែលយើងត្រូវបិទនេះ គឺផ្លូវលេខ១៣០ កែងនឹងផ្លូវស៊ីសុវត្ថិ ខាងលិចរហូតមកដល់ផ្លូវលេខ៥ បត់ស្តាំមកខាងត្បូងរហូតដល់របងវត្តឧណ្ណាលោម ពីផ្លូវលេខ១៥៤ បត់ស្តាំទៅលិចត្រង់រហូតដល់ផ្លូវលេខ១៩។ ផ្លូវលេខ១៩ បត់ឆ្វេង គឺខាងក្រោយព្រះបរមរាជវាំង រហូតទៅដល់ផ្លូវ២១៤ បត់ស្តាំឡើងមកផ្លូវព្រះនរោត្តម ហើយបានយើងបត់ឆ្វេង លើកំណាត់មហាវិថីព្រះនរោត្តម ឆ្លងកាត់វិមានឯករាជ្យ ទៅប៉ែកខាងត្បូងផ្លូវ២៩៤។
បានន័យថា ខាងត្បូងវិមានឯករាជ្យ ចំណុចស្តុបជ្រុញលាងហាក់ បត់ឆ្វេងតាមបណ្តោយផ្លូវលេខ២៩៤ រហូតទៅដល់ផ្លូវសុធារស បត់ស្តាំឡើង ផ្លូវសុធារស រហូតដល់ផ្លូវរដ្ឋសភា កែងស្ថានទូតរុស្ស៊ី បានបត់ឆ្វេងរហូតទៅដល់តាមបណ្តោយផ្លូវរដ្ឋសភា ឆ្ពោះទៅដល់ផ្លូវលេខ១៧៨ គឺកែងស្ថានទូតអូស្រ្តាលី ឆ្ពោះទៅគល់ស្ពានតន្រ្តី បត់ឆ្វេងតាមផ្លូវសឌិត មុខក្រសួងបរិស្ថាន រហូតទៅដល់គល់ស្ពាននាគភ្លោះ។ នេះគឺជាតំបន់ នឹងត្រូវបិទចរាចរណ៍ទាំងស្រុង មិនអនុញ្ញាតឱ្យធម្យោបាយចេញ-ចូល លើកលែងតែអ្នកដែលមានកិច្ចការចាត់ចែងការពារក្នុងព្រះរាជពិធី និងអ្នកដែលមានលិខិតចេញចូល ក្នុងតំបន់នេះ មានបងប្អូនប្រជាជនច្រើន ដែលកំពុងរស់នៅហើយកន្លងមកយើងបានអនុវត្តន៍ជារៀងរាល់ឆ្នាំ បងប្អូនបានដឹង ហើយអាជ្ញាធរដែនដី និងគណៈកម្មការបុណ្យជាតិ បានចេញលិខិតចែកជូនដល់ប្អូនដល់លំនៅដ្ឋាន ដើម្បីឱ្យពួកគាត់ងាយស្រួល ចេញចូលលំនៅដ្ឋាន ដែលយើងត្រូវបិទចរាចរណ៍។ មួយវិញទៀត ក្នុងករណីដែលបងប្អូនដែលអត់មានលិខិតចេញចូល សូមឱ្យបង្ហាញ នូវអត្តសញ្ញាណបណ្ណរបស់គាត់ ដល់សមត្ថកិច្ច បញ្ជាក់ថាពួកគាត់មានលំនៅដ្ឋានក្នុងតំបន់នេះ ដើម្បីងាយស្រួលចេញចូលក្នុងតំបន់ដែល ត្រូវបិទចរាចរណ៍។ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា បានសួរលោកថា តើឱ្យពួកគាត់ចូលតាមតំបន់ណានិងទុកយានយន្តកន្លែងណា ដើម្បីចូលរួមក្នុងព្រះរាជពិធីនេះ។
លោកបានបញ្ជាក់ឱ្យដឹងដែរថា បងប្អូន និងយានយន្តដែលមកតាមផ្លូវជាតិលេខ១ មិនអនុញ្ញាតឱ្យចូលរាជធានីភ្នំពេញទេ គឺត្រូវបញ្ឈប់បង្វែរទិសនៅចំណុចផ្លូវបំបែកថៃហ្គ័រ ចូលទៅស្ពានព្រែកសំរោង ហើយប្រជាពលរដ្ឋដែលចូលក្នុងព្រះរាជពិធីបុណ្យនេះ គឺឈប់នៅត្រង់ វត្តនិរោធ ហើយរថយន្ត និងរ៉ឺម៉កតូចៗ ត្រូវអនុញ្ញាតចូលចតនៅចំណតផ្សារច្បារអំពៅ ដោយមិនអនុញ្ញាតឱ្យឆ្លងស្ពានព្រះមុនីវង្សទេ ព្រោះគ្មានចំណត ឱ្យចតលើផ្លូវព្រះនរោត្តមនិងទីតាំងផ្សេងៗទេ។ ចំណែកផ្លូវជាតិលេខ២វិញ យានយន្តត្រូវចូលចតនៅចំណតចាក់អង្រែ វត្តចាក់អង្រែ វិទ្យាល័យចាក់អង្រែ គឺឱ្យពួកគាត់ឈប់នៅត្រឹមនេះ មិនអនុញ្ញាតឱ្យឆ្លងស្ពានអាកាសក្បាលថ្នល់ទេ។
ចំណែកអ្នកមកពីផ្លូវលេខ២ តាមផ្លូវ៦០ម៉ែត្រ គឺត្រូវឈប់នៅចំណុចផ្លូវ៦០ម៉ែត្រតែម្តង មិនអនុញ្ញាតឱ្យចូលផ្លូវព្រះមុនីវង្សទេ ដោយឡែកយានយន្តមកពីផ្លូវវេងស្រេង មិនអនុញ្ញាតឱ្យចូលមកដល់ ស្ពានស្ទឹងមានជ័យទេ ត្រូវបិទនៅច្រមុះជ្រូកស្ទឹងមានជ័យ ដោយបង្វែរទិសឱ្យទៅឈប់ចតនៅផ្លូវចំការដូង និងផ្លូវ៦០ម៉ែត្រ។
ចំណែកផ្លូវជាតិលេខ៣ និងលេខ៤ រថយន្តប្រភេទដឹកជញ្ជូនទាំងអស់មិនអនុញ្ញាត ឱ្យធ្វើចរាចរណ៍លើផ្លូវសហព័ន្ធរុស្ស៊ីទេ ដោយអនុញ្ញាតឱ្យចូលចត នៅចំណតចោមចៅ ហើយអាចឡើងជិះរថយន្តក្រុងរបស់រដ្ឋបាលក្រុងភ្នំពេញបន្ត ឯរថយន្តដឹកទំនិញធុនធ្ងន់ ត្រូវបង្វែរទិសទៅតាមផ្លូវទំនប់កប់ស្រូវ។ សម្រាប់ផ្លូវហាណូយ និងផ្លូវ៥៩៨ ដែលយានយន្តត្រូវមកចូលរួមក្នុងព្រះរាជពិធីនេះដែរ គឺមិនអនុញ្ញាតឱ្យយានយន្តចូលមកផ្លូវ គីម អ៊ីលស៊ុង ចំណុចអង់តែនទួលគោកទេ និងអាចចូលចតនៅចំណុចតំបន់បឹងកក់ ព្រោះយើងមានដីមិនទាន់ប្រើប្រាស់មួយចំនួនអាចចត រថយន្តកូរ៉េបាន។ ចំពោះផ្លូវជាតិលេខ៥ រថយន្តធុនធ្ងន់ត្រូវបង្វែរនៅត្រង់ស្ពានព្រែកព្នៅ ឯរថយន្តដែលមកចូលរួមក្នុងពិធី ត្រូវចូលចតនៅចំណតគីឡូម៉ែត្រលេខ៩ ឯរថយន្តលក្ខណៈគ្រួសារ រថយន្តដឹកជញ្ជូនធុនតូច ត្រូវអនុញ្ញាតឱ្យចូលចតត្រឹមសាលាដែក។
ផ្លូវជាតិលេខ៦ រថយន្តធុនធ្ងន់ត្រូវបង្វែរទៅផ្លូវឈ្នះ-ឈ្នះ ចូលទៅស្ពានលីយ៉ុងផាត់ ឡើងទៅទំនប់កប់ស្រូវ។ ឯរថយន្តធុនតូចត្រូវឈប់នៅតំបន់ អូស៊ីអាយស៊ី និងចំណតព្រែកលៀប។ ចំណែករថយន្តមួយចំនួនដែលបើកហួសដល់ក្នុងក្រុង មិនអនុញ្ញាតឱ្យចូលចតទេ ដោយបញ្ជាឱ្យវិលត្រឡប់ ទៅចូលចតក្នុងចំណតដែលរៀបចំទុក។
លោកបានស្នើដល់ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងពិធីបុណ្យនេះ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់អនាម័យ និងសន្តិសុខសុវត្ថិភាព ជាពិសេសត្រូវសមត្ថកិច្ចមិនអាចទៅការពារបងប្អូនគ្រប់រូបបានទេដូចជា៖ កាបូប សម្ភារផ្សេងៗ ត្រូវចេះថែរក្សាដោយខ្លួនឯងចៀសវាងជនខិលខូត ឆ្លៀតឱកាសលូកខ្វេះ លួចឆក់ កាបូប ដូច្នេះបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នូវសម្ភារផ្ទាល់ខ្លួន។
ចំណែកលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈនូវផែនការមួយចំនួន ដោយក្នុងនោះដូចជា ការដាក់តាំងរៀបចំភ្លើងពណ៌ និងការតុបតែងលម្អ នៅតាមបណ្តាលផ្លូវមួយចំនួននៅតាមដងផ្លូវ តាមសួនច្បារ មានលក្ខណៈប្លែកជាងឆ្នាំមុនដោយរំពឹងថានឹងមានប្រជាពលរដ្ឋមកចូលរួមច្រើន យ៉ាងតិច៣លាននាក់ និងមានទូកចូលរួមចំនួន២៩៨ទូក។
នៅតាមផ្លូវនរោត្តម បានតុបតែងភ្លើងគោម កាត់ទទឹងផ្លូវ ភ្លើងតាមបង្គោលភ្លើង នៅសួនវិមានឯករាជ្យ មានតុបតែងជាភ្លើង៧ពណ៌ និងភ្លើង LED។ ការតុបតែងនៅតំបន់ប៉ុស្តិ៍លេខ៣ នៅសួនសម្តេចតេជោហ៊ុនសែន នៅវត្តបទុមវតី និងសួនជ្រោយចង្វា។ នៅឆ្នាំនេះអ្វីៗ មានការតុបតែងច្រើន ជាងឆ្នាំមុន ហើយសង្ឃឹមថាប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្ត នឹងសប្បាយភ្នែកល្អមើល និងធ្វើឱ្យបរិយាកាសនៃព្រះរាជពិធីបុណ្យនេះ កាន់តែសប្បាយរីករាយ។ ចំណែកបញ្ហាសំរាម និងអនាម័យបង្គន់សាធារណៈនោះ ត្រូវបានយកចិត្តទុកដាក់ជាខ្លាំងណាស់ ដោយយោងតាមកិច្ចប្រជុំជាច្រើនលើក។
រដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងបង្គន់សាធារណៈ បន្ថែមពីលើបង្គន់ដែលមានស្រាប់ និងដំឡើងបង្គន់ជីក៥,៩៧បន្ទប់ ចំនួន៣១ទីតាំង សម្រាប់អ្នកមកចូលរួមបុណ្យអុំទូក។ ហើយថ្មីៗនេះ រដ្ឋបាលរាជធានី បានធ្វើបង្គន់ស្តង់ដារមួយនៅជ្រោយចង្វាត្រើយខាងកើត តំបន់សួនព្រះនាងប្រាជ្ញាបារមី ចំនួន២១បន្ទប់ និងកន្ថោនោមចំនួន១១ ហើយសេវាប្រើប្រាស់លើបង្គន់អនាម័យនេះ មិនមានការបង់ប្រាក់ទេ។
ចំពោះសំរាម គឺមន្ទីរសាធារណការ និងក្រុមហ៊ុន ស៊ីនទ្រី សហការសំអាតដែលមន្ទីរសាធារណការមានកម្លាំង៣,៦១នាក់ ដើម្បីសំអាតនៅលើ សួនច្បារ និងនៅលើច្រាំងទន្លេ ឯក្រុមហ៊ុនស៊ីនទ្រី សំអាតនៅលើតាមផ្លូវ និងប្រមូលសំរាមដែលមានកម្លាំងចំនួន៤,៧៤នាក់ ដែលកម្លាំងទាំងអស់ នឹងត្រូវបោសសំអាតនៅតាមតំបន់ទីតាំងសប្បាយនានា នៅតាមតំបន់ជ្រោយចង្វា និងឫស្សីកែវ ដោយមិនគិតពីតំបន់ផ្សេងៗ ទៀតនោះទេ។ កម្លាំងទាំងអស់ត្រូវបោសសំអាតសំរាមចាប់ពីម៉ោង១២យប់ រហូតដល់ម៉ោង៥ព្រឹក។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំបោះចោលសំរាមផ្តេសផ្តាស់ ត្រូវដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។ រដ្ឋបាលរាជធានី បានត្រៀមធុងសំរាម ចំនួន១,៦៧១ធុង ហើយក្រុមហ៊ុន ស៊ីនទ្រី បានផ្តល់កញ្ឆេចំនួន១,២២១ ហើយរដ្ឋបាលរាជធានី បានផ្តល់មកមន្ទីរ សាធារណការចំនួន៦៥០ធុងជ័រ គឺនឹងត្រូវដាក់ពង្រាយនៅតាមសួនច្បារលើដងផ្លូវ ក្នុងទីតាំងព្រះរាជពិធីបុណ្យអុំទូក។
លោក សាំ ពិសិដ្ឋ បានបន្តថា ជារៀងរាល់ឆ្នាំ ស្មៅ និងផ្កា តែងតែរងគ្រោះ ក្នុងពេលដែលមានពិធីម្តងៗ ដោយរដ្ឋបាលរាជធានី ដាក់ផែនការ បោះបង្គោលចងខ្សែមិនឱ្យមានការដើរជាន់លើស្មៅ ឬផ្កាទេ ហើយបានដាក់ស្លាកសញ្ញា ហាម ជាន់ស្មៅ និងផ្កា ហើយសូមបងប្អូនត្រូវគោរពតាមការ ណែនាំនេះ ដែលជាទ្រព្យសម្បត្តិសាធារណៈ។ ចំណែកបញ្ហាបង្គន់សាធារណៈបងប្អូនប្រើប្រាស់ដោយសេរី ប៉ុន្តែសូមចូលរួមថែរក្សាអនាម័យ និងមានដាក់ស្លាកសញ្ញាបង្ហាញទិសទីតាំងបង្គន់អនាម័យ ស្លាកសញ្ញាបង្ហាញបញ្ជាការស្រាល ដើម្បីងាយស្រួលដល់បងប្អូនដែលមានការបាត់បង់ បងប្អូនសាច់ញាតិ និងមានស្លាកសញ្ញាបង្ហាញទិសសម្រាប់រថយន្តសង្គ្រោះបន្ទាន់ ហើយកិច្ចការទាំងនេះ ត្រូវបានរៀបចំរួចរាល់អស់ហើយ៕