(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការឧបត្ថម្ភគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន។ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ នៃក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពី «ស្តង់ដាសណ្ឋាគារបៃតងកម្ពុជា ដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ» និងប្រគល់ប័ណ្ណផ្នត់ចំនួន ២០០ប័ណ្ណ ដើម្បីជំរុញលើការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុដោយរំលេចនូវពាក្យស្លោក «សណ្ឋាគារបៃតងកម្ពុជា គឺជាគន្លឹះមួយនៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបញ្ចេញកាបូនតិចនៅកម្ពុជា»។
កម្មវិធីនេះបានរៀបចំឡើង រោមអធិបតីភាព លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង លោក ជួប ប៉ារីស៍ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង លោក ប៊ូ ចន្ទ សិរី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ នៃក្រសួងទេសចរណ៍ និងសិក្ខាកាមសរុបប្រមាណ ១០៥នាក់ ក្នុងនោះស្រ្តី៥៦នាក់ និងតំណាងក្រសួងស្ថាប័ន និងមន្ទីរពាក់ព័ន្ធ វិស័យឯកជន (ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍) ។
លោក ប៊ូ ចន្ទ សិរី ជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១៖ ជំរុញការអភិវឌ្ឍន៍ខេត្តបាត់ដំបង ឱ្យក្លាយជាតំបន់គោលដៅទេសចរណ៍ស្អាត និងបៃតង ប្រកបដោយចីរភាព។
២៖ លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យទេសចរណ៍តាម រយៈស្តង់ដាសណ្ឋាគារបៃតងកម្ពុជា ។
៣៖ ជំរុញបង្កើតគោលនយោបាយការពារបរិស្ថាន និងសកម្មភាពប្រតិបត្តិការសណ្ឋាគារបៃតង។
៤៖ បង្កើន និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងផលិតផលដែលមិនធ្វើឱ្យមានផលប៉ះពាល់បរិស្ថាន (Environmentally-Friendly Products) សម្រាប់ឧស្សាហកម្មសេវាកម្មស្នាក់នៅទេសចរណ៍កម្ពុជា។
៥៖ ជំរុញ និងលើកកម្ពស់ការសហការរវាងឧស្សាហកម្មទេសចរណ៍ជាមួយសហគមន៍ទេសចរណ៍ និងអង្គការក្នុងស្រុក។
៦៖ លើកទឹកចិត្តដល់សណ្ឋាគារផ្តល់នូវកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិក ស្តីពីប្រតិបត្តិការសណ្ឋាគារបៃតង និងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
៧៖ ដើម្បីណែនាំបច្ចេកទេសក្នុងការគ្រប់គ្រងកាកសំណល់នៅក្នុងឧស្សាហកម្មទេសចរណ៍។ (ឧទាហរណ៍, ការកាត់បន្ថយកាកសំណល់ ការប្រើឡើងវិញ ការកែច្នៃការបំបែកកាកសំណល់ និងការធ្វើជីកំប៉ុស)។
៨៖ ណែនាំឲ្យមានការប្រើប្រាស់ថាមពលប្រកបដោយភាពសន្សំសំចៃ ដូចជា ការសន្សំសំចៃទឹក ភ្លើងជាដើម។
៩៖ កាត់បន្ថយការបំពុលសម្លេង។
១០៖ លើកកម្ពស់ការគ្រប់គ្រងគុណភាពទឹក និងបង្កើតកម្មវិធីសំរាប់គ្រប់គ្រងកាកសំណល់ពុលគីមី ប្រកបដោយនិរន្តភាព។