(កំពង់ចាម)៖ សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា CUS ជារៀងរាល់ឆ្នាំ តែងតែបានរៀបចំសន្និសីទប្រចាំឆ្នាំ ដែលជាផ្នែកមួយនៃយន្តការលើកកម្ពស់គុណភាព បណ្តុះបណ្តាល ដើម្បីពង្រីកពង្រឹងចំណេះដឹងទូទៅ ព្រមទាំងសមត្ថភាពរបស់និស្សិត។
ជាក់ស្តែងនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សាកលវិទ្យាល័យ បានរៀបចំសន្និសីទស្តីពី «សិក្សានៅឧត្តមសិក្សា ដើម្បីឧត្តមភាពការងារ» នៅសាខាសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដោយមានសិស្ស-និស្សិត និងសាស្រ្តាចារ្យ ប្រមាណជាង៤០០នាក់ បានចូលរួម។
ក្នុងកិច្ចពិធីបើកសន្និសីទនេះ លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ បានថ្លែងថា គោលបំណងនៃសន្និសីទនេះ គឺដើម្បីបង្ហាញនូវវិធីសាស្រ្តសិក្សា ឲ្យបានជោគជ័យការសិក្សាលើជំនាញទន់ (Soft Skills) ការរៀបចំអត្តចរិត និងការពង្រឹងសមត្ថភាព ដើម្បីទទួលបាននូវការងារល្អក្រោយពេលបញ្ចប់ការសិក្សា។
លោក ហែម បញ្ញា នាយកសាខាខេត្តកំពង់ចាម និងលោក ណេន ចិន្តា នាយកសាខាកំពង់ធំ បានអះអាងជារួមថា ក្នុងចំណោមសាកលវិទ្យាល័យឯកជន នាំមុខដទៃទៀត CUS មាននិស្សិត២០,០០០នាក់ កំពុងសិក្សានៅក្នុងទីតាំងគោល និងសាខាសរុប៨ទីតាំង រួមមាន រាជធានីភ្នំពេញ កំពត កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់និស្សិតធ្វើកម្មសិក្សា ទស្សនកិច្ចសិក្សារកកន្លែងហាត់ការ និងការងារធ្វើក្នុងពេលសិក្សា។
លោកបានបន្ថែមថា និស្សិតដែលបានបញ្ចប់ការសិក្សាមានជាង៣០,០០០នាក់ហើយ ដូច្នេះគុណភាពនៃការបណ្តុះបណ្តាល ត្រូវបានលើកកម្ពស់ជាប្រចាំ តាមរយៈការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងរយៈពេលជិត១៧ឆ្នាំកន្លងមក។
ដោយឡែក សាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម និងកំពង់ធំ ក៏បានចូលរួមខិតខំកែទម្រង់ អភិវឌ្ឍន៍ដើម្បីគាំទ្រ និងសម្រេចឲ្យបាននូវគោលគំនិត «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា» និងសំដៅធ្វើឲ្យនិស្សិតមានសមត្ថភាពវិជ្ជាជីវខ្ពស់ និងបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃ ហើយក្នុងឆ្នាំសិក្សាថ្មីនេះ សាខាទាំងពីរទទួលបានកំណើន និស្សិតគួរឲ្យកត់សំគាល់។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង, លោក លាន សារ៉ា, លោក ឌុល វិចិត្រ នាយកធនាគារវឌ្ឍនៈអាស៊ីចំកាត់ សាខាខេត្តកំពង់ចាម និងកំពង់ធំ ដែលជាវាគ្មិន បានបន្ថែមថា បុគ្គលគ្រប់រូបចង់បានជោគជ័យ មានការងារល្អ មានចំណូលខ្ពស់ ទាំងអ្នកសិក្សា-ស្រាវជ្រាវ ព្រមទាំងសេដ្ឋីល្បីៗនៅលើពិភពលោក ឯកភាពថា ចំណេះដឹងតាមរយៈការសិក្សា ជាដើមហេតុនៃជោគជ័យ និងធានានូវនិរន្តរភាពនៃចំណូល។
ការសិក្សាកាន់តែខ្ពស់ កាន់តែមានចំណេះដឹង មានសមត្ថភាព មានឧត្តមភាព ប្រកួតប្រជែងក្នុងទីផ្សារការងារ ហើយតាមរយៈនៃការសិក្សា កូនរបស់គ្រួសារក្រីក្រ ក៏អាចទទួលជោគជ័យបានដែរ។ ទោះបីជាយ៉ាងណា ក្តីវាទាមទារឲ្យមានសកម្មភាពជាក់ស្តែង ក្នុងអំឡុងពេលនៃការសិក្សា ដែលការសិក្សាឲ្យបានជោគជ័យ ក៏ទាមទារឲ្យមាននូវ ការរៀបចំផែនការសកម្មភាព និងគោលដៅជាក់លាក់ផងដែរ។
ការសិក្សាក្នុងថ្នាក់ត្រូវ តែផ្តោតខ្លាំងទៅលើជំនាញ តាមរយៈការងារជាអាទិភាព គឺការស្រាវជ្រាវការអានកត់ត្រាសង្ខេបជាប្រចាំបំពេញបន្ថែម ដោយការចូលរួមសិក្ខាសាលា សន្និសីទការជជែកដេញដោល ព្រមទាំងការចុះកម្មសិក្សា ឬហាត់ការពាក់ព័ន្ធជំនាញ ដែលនិស្សិតជ្រើសរើសសិក្សា ដែលទាំងអស់នេះ គឺទិសដៅការងារពាក់ព័ន្ធតូចៗ ធ្វើឡើងទៅតាមដំណាក់ និងលំដាប់លំដោយ ដើម្បីឈានទៅ សម្រេចគោលដៅធំយូរអង្វែង។
វាគ្មិនទាំងអស់ បានឯកភាពបន្ថែមទៀតថា និស្សិតត្រូវពង្រឹងជំនាញទន់បន្ថែមទៀត ដូចជាជំនាញ ធ្វើទំនាក់ទំនង ការផ្តល់សេវាកម្ម ជំនាញកុំព្យូទ័រ ភាពជាអ្នកដឹកនាំព្រមទាំងភាសា។ ភាសាអាចជាភាសាណាមួយ ដែលមានតម្រូវការក្នុងទីផ្សារការងារ ដើម្បីជាយានក្នុងការទំនាក់ទំនងពង្រីក ពង្រឹងសមត្ថភាព ព្រមទាំងជំនាញឲ្យកាន់តែពូកែ ហើយជោគជ័យក្នុងការសិក្សាក្តី ក្នុងអាជីពក្តី ទាមទារនូវការរៀបចំខ្លួនប្រាណ និងអត្តចរិតសមរម្យ ភាពខិតខំធ្វើការងារ ហួសការរំពឹង។
វាគ្មិនដែលជាតំណាងស្ថាប័នធនាគារ បានសង្កត់ធ្ងន់ និងទទូចឲ្យនិស្សិតចូលរួមធ្វើការងារហាត់ការឲ្យបានច្រើន និងសកម្ម ខណៈដែលស្ថាប័នរបស់គាត់ បានប្តេជ្ញាសហការតាមរយៈការចុះអនុស្សារណៈ ដើម្បីផ្តល់ឱកាសឲ្យនិស្សិតបានចុះធ្វើកម្មសិក្សា ហាត់ការ ឬស្រាវជ្រាវ ក្នុងគោលបំណងជួយពង្រឹងធនធាន បញ្ញាឲ្យកាន់តែប្រសើរ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ការងារ និងសម្រាប់ចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។
ក្រោយពីបទបង្ហាញ សិស្ស-និស្សិត និងសាស្រ្តាចារ្យមួយចំនួន បានលើកជាសំណួរជូនដល់វាគ្មិន ដើម្បីបំភ្លឺហើយទទួលបានចម្លើយតបយ៉ាងត្រឹមត្រូវ៊
ក្នុងពិធីបិទលោកបណ្ឌិត មាស បូរ៉ា បានផ្តោតជាសំខាន់ថា សន្និសីទនេះ វាជាព្រឹត្តការណ៍មួយដ៏ល្អដែលនិស្សិតទទួលបានចំណេះដឹង ជាមគ្គុទេ្ទសក៍ សម្រាប់និស្សិតយកទៅពិចារណា និងសម្រេចចិត្តបន្តការសិក្សា ហើយអ្វីសំខាន់ គឺការធ្វើសកម្មភាព បំពេញគោលបំណងតូចៗក្នុងលក្ខណៈនិរន្តរភាព ឆ្ពោះទៅសម្រេចជោគជ័យធំ ដែលនិស្សិតបានកំណត់។ សាកលវិទ្យាល័យមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញនូវបេសកកម្មដ៏មានអត្ថន័យ ដើម្បីជួយសិស្ស-និស្សិត ឲ្យសម្រេចបានជោគជ័យដូចបំណង៕