(ភំ្នពេញ)៖ ហាងកាហ្វេ Socials Coffee បានបើកសាខាថ្មីរបស់ខ្លួន ក្នុងធនាគារភ្នំពេញពាណិជ្ជ (PPCB) សាខាបឹងត្របែក ក្នុងគោលបំណងបម្រើដល់អតិថិជន និងភ្ញៀវដែលមកដក និងដាក់លុយនៅក្នុងធនាគារ ដោយទទួលបាននូវការរំសាយអារម្មណ៍ ជាមួយនឹងរសជាតិកាហ្វេថ្មី និងកន្លែងរងចាំល្អ ។
ហាងកាហ្វេនេះ ក៏បានផ្តល់ឱកាសការងារដល់ជនពិការ គ ថ្លង់ បានបម្រើការងារផងដែរ។
ហាងកាហ្វេ Socials ត្រូវបានបង្កើតឡើងដោយ លោក ស្វែបនីល ដេសមុស (Swapnil Deshmukh) ដែលជាអតីតបុគ្គលិកធនាគារម្នាក់។
លោក ស្វែបនីល ដេសមុស បានបញ្ជាក់ថា កត្តាដែលជួយជំរុញទឹកចិត្តគាត់ឲ្យ បើកហាងកាហ្វេមួយនេះ គឺដោយសារគាត់បានធ្វើដំណើរទស្សនកិច្ច ទៅហាងមួយនៅប្រទេសវៀតណាម ដែលមានអ្នកបម្រើការ ដោយបុគ្គលិកថ្លង់ទាំងអស់។ ហាងកាហ្វេ Socials គឺមានគោលបំណងផ្លាស់ប្តូរការយល់ឃើញ និងភាពលំអៀងរបស់អ្នកជំនួញមួយចំនួន ដែលមិនជួលមនុស្ស គ ថ្លង់ ឲ្យធ្វើការ ហើយនេះក៏ដូចជាសារមួយផ្ញើទៅកាន់អ្នកធ្វើជំនួញផ្សេងៗទៀត ឲ្យពួកគាត់ជួលមនុស្ស គ ថ្លង់ មកធ្វើការដូចជា ហាងកាហ្វេ Socials ផងដែរ។
លោក Swapnil បានឲ្យដឹងទៀតថា លោកចង់លើកទឹកចិត្តដល់មនុស្សគ ថ្លង់ ឲ្យក្លាយជាសហគ្រិនផ្ទាល់ ហើយបើកអាជីវកម្មដោយខ្លួនឯង និងផ្ដល់ឲ្យពួកគាត់នូវការហ្វឹកហាត់ ឧបករណ៍ និងថវិកាចាំបាច់មួយចំនួន ដើម្បីឲ្យពួកគាត់គ្រប់គ្រង ហិរញ្ញវត្ថុនៅក្នុងដៃរបស់ពួកគាត់បានទាំងស្រុង។
លោក ស៊ីន ឆាងម៉ូ (Shin Chang Moo) នាយកប្រតិបត្តិធនាគារភ្នំពេញពាណិជ្ជ ប នឲ្យដឹងថា «យើងកំពុងកសាងគំរូអាជីវកម្មថ្មីមួយ ដែលផ្តល់ភាពបត់បែនបន្ថែមភាពងាយស្រួល និងការបង្កើន បទពិសោធល្អដល់អតិថិជន។ ជាមួយនឹង ការបើកសាខា របស់ហាងកាហ្វេ Socials បុគ្គលិករបស់យើង នឹងធ្វើការទំនាក់ទំនងជាមួយអតិថិជនតាមរយៈភ្នាក់ងារបម្រើសេវាកម្មតាម អនឡាញដោយឆ្លើយតប និងបំពេញសំណើរបស់អតិថិជននៅពេលដំណាលគ្នា ដែលពួកគេកំពុងរីក រាយនឹង បទពិសោធន៍កាហ្វេដ៏ឈ្ងុយឆ្ងាញ់នៅហាងកាហ្វេនេះ»៕