Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តមណ្ឌលគិរី ចុះអង្កេតរកផលិតផលខូចគុណភាព នៅឃុំស្ពានជ័យជំនះ ក្នុងក្រុងសែនមនោរម្យ, តែរកមិនឃើញ

19-11-2018 14:13

(មណ្ឌលគិរី)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី ចុះត្រួតពិនិត្យរកទំនិញខូចគុណភាព ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា នៅក្នុងការចុះអង្កេតទំនិញ នៅឃុំស្ពានជ័យជំនះ បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ ដូចជា សរសៃគុយទាវ លតឆា លតស្វិត ត្រីងៀត ងៀតក្របី ងៀតត្រីកញ្ចុះ មីសួ មីលឿង លតស្វិត ស្ករត្នោត ស្ពៃបូកគោ ស្ពៃក្តោប សាឡាត់ ស្ពៃតឿ ត្រសក់ ផ្កាខាត់ណា សណ្តែកបណ្តុះ ខ្ញីហាន់ ផ្លែប៉ោម ជាលទ្ធផលមិនឃើញមានផលិតផល ណាមួយមានសារធាតុគីមីនោះទេ ។ បានធ្វើតេស្តទៅលើអំបិល ដើម្បីរកសាធាតុអ៊ីយ៉ូត ឃើញថា មានសារធាតុអ៊ីយ៉ូតធម្មតា ។

ចំណែកផលិតផលវេចខ្ចប់ ក្រុមការងារក៏រកមិនឃើញ មានផលិតផលណាមួយ ហួសកាលបរិច្ឆេទនោះទេ។

លោកប្រធានសាខាកាំកុងត្រូលខេត្ត បានណែនាំដល់អាជីវករឲ្យចៀសវៀង ក្នុងការប្រើ ប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យ មានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញ លក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញ ប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។

ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ក្រុមការងារ ក៏បានឃ្លាំពិនិត្យការលក់រាយប្រេងឥន្ធនៈ (ស្ថានីយចំនួន១០ទីតាំង) រីឯតម្លៃលក់រាយនោះគឺសមស្របតាមតម្លៃដែលក្រសួងបានកំណត់៕