(ភ្នំពេញ)៖ សាលាអន្ដរជាតិអាស៊ាន និងតំណាងចែកចាយកម្មវិធីទម្លាប់ល្អទាំង៧ និង The Leader In Me ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងស្ដីពី ការផ្ដល់សិទ្ធិប្រើប្រាស់កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) ក្នុងកម្មវិធីសិក្សារបស់សាលាអន្ដរជាតិអាស៊ានគ្រប់សាខា។
ក្នុងពិធីចុះហត្ថលេខានេះ មានការចូលរួមពីសំណាក់ លោក ហុង លីម នាយកសាលាអន្ដរជាតិអាស៊ាន និងលោក ប៉ិច បូឡែន ប្រធានវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ និងជាតំណាងចែកចាយកម្មវិធីទម្លាប់ល្អទាំង៧ និង The Leader In Me ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រួ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបចំនួន៣០០នាក់។
នាយកសាលាអន្ដរជាតិអាស៊ាន បានបញ្ជាក់ថា គោលបំណងនៃការដាក់ឲ្យប្អូនៗសិក្សា កម្មវិធីទម្លាប់ល្អទាំង៧ ៖
ទី១៖ ដើម្បីឲ្យកម្មវិធីសិក្សា នៅសាលាអន្ដរជាតិអាស៊ានមានភាពទំនើប និងសំបូរបែប
ទី២៖ ដើម្បីឲ្យប្អូនៗសិក្សានុសិស្ស ទទួលបានចំណេះដឹង អំពីទម្លាប់ល្អទាំង៧ និងរស់នៅជាមួយទម្លាប់ល្អទាំង៧
ទី៣៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។
ជាមួយគ្នានោះ លោក ហុង លីម បានបញ្ជាក់ផងដែរថា សាលាក៏មានគម្រោងប្រើប្រាស់ កម្មវិធីសិក្សាដែលមានលក្ខណៈអន្ដរជាតិផ្សេងៗទៀត នាពេលខាងមុខ ដើម្បីធ្វើការសិក្សារបស់ប្អូនៗ សិស្សានុសិស្សកាន់តែល្អប្រសើរជាងមុន៕