(ភ្នំពេញ)៖ តបតាមសំណើរបស់ គណបក្សយុវជនកម្ពុជា, នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអនុញ្ញាតឱ្យ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន ដឹកនាំគណៈប្រតិភូគណបក្សនេះ ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងដកប្រព័ន្ធនុគ្រោះពន្ធពីប្រទេសកម្ពុជា។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅព្រឹកនេះ ប្រតិភូជាន់ខ្ពស់គណបក្សយុវជន បានចូលជួបអគ្គរដ្ឋទូតសហភាពអឺរ៉ុបរួចរាល់ហើយ ដើម្បីជជែកអំពីគម្រោងដកប្រពន័្ឋអនុគ្រោះ EBA»។
លោក ពេជ្រ ស្រស់ បានបន្តថា ក្នុងកិច្ចជំនួបនោះលោកអគ្គរដ្ឋទូតបានយកចិត្តទុកដាក់ចំពោះសំណររបស់ប្រតិភូគណបក្សយុវជនកម្ពុជា ហើយគាត់បានសន្យានឹងបញ្ជូនសំណើររបស់គណបក្សនេះទៅថ្នាក់លើរបស់គាត់ នៅការិយាល័យកណ្តាល។
សូមបញ្ជាក់ថា ក្រៅពីគណបក្សយុវជនកម្ពុជា, សម្រាប់ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជាឯនោះវិញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានសរសេរលិខិតមួយ ស្នើសុំជួប លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់ លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ពីប្រទេសកម្ពុជានេះផងដែរ៕