(កណ្តាល)៖ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យពុទ្ធចក្រ ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងមើលឃើញពីតម្រូវការចាំបាច់ ក្នុងការសាងសង់សាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តកោះចូរ៉ាម ដែលកំពុងដំណើការសាងសង់ លោក ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនសម្ភារសំណង់ និងសម្ភារការិយាល័យផ្សេងទៀត តបតាមការបិណ្ឌបាតរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត និងស្នើសុំរបស់សាលាឃុំកោះចូរ៉ាម កាលពីថ្ងៃទី១០ ខែវិច្ឆិការឆ្នាំ២០១៨ ក្នុងពិធីសម្ពោធសមិទ្ធិផលនានា និងបញ្ចុះបឋមសិលាសាងសង់សាលាពុទ្ធិកបឋមសិក្សាក្នុងវត្តកោះចូរ៉ាមកន្លងទៅ។
ពិធីប្រគល់សម្ភារសំណង់ និងសម្ភារការិយាល័យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងវត្តកោះចូរ៉ាម និងសាលាឃុំកោះចូរ៉ាម ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដែលមានការចូលរួមពីសំណាក់លោក នួន ចន្ទរិទ្ធ ប្រធានក្រុមការងារចុះជួយឃុំកោះចូរ៉ាម និងសហការី ក្រុមការងាររបស់លោក ហ៊ុន ម៉ាណែត ព្រះគ្រូចៅអធិការ និងអាជ្ញាធរឃុំកោះចូរ៉ាមផងដែរ។
ជំនួសមុខឱ្យរដ្ឋបាលឃុំ និងប្រជាពលរដ្ឋឃុំកោះចូរ៉ាម លោក ឈុំ ចាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ កសាងសមិទ្ធផល ជាច្រើននៅក្នុងឃុំកោះចូរ៉ាម និងស្រុកខ្សាច់កណ្តាលទាំងមូល និងគិតគូរពីសុខទុក្ខចំពោះការងាររបស់មន្រ្តីរាជការ។
លោកក៏បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ដែលអំណោយដ៏ថ្លៃថ្លានេះគឺជាប្រយោជន៍រួមក្នុងការប្រតិបត្តិសាសនា ធ្វើបុណ្យកសាងអំពើជាកុសល និងជាកេរមត៌កសម្រាប់កូនចៅជំនាន់ក្រោយ។ ម្យ៉ាងវិញទៀតសម្ភារៈរដ្ឋបាលនេះ នឹងជួយសម្រួលក្នុងកិច្ចការងារទូទៅ ក៏ដូចជាសម្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ដែរថា សម្ភារ:សំណង់ និងសម្ភារៈការិយាល័យផ្សេងៗ ដែលបានប្រគល់នោះរួមមាន៖ ស៊ីម៉ង់តិ៍៦០តោន ដែក៥តោន ឥដ្ឋ៩ម៉ឺនដុំ ម៉ាស៊ីន Copy ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕