(កំពង់ធំ)៖ ទឹកទំពាំងបាយជូ ចាហួយដូង និងទឹកក្រូចខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលបងប្អូនអាជីវករ យកដាក់លក់នៅផ្សារស្រយ៉ូវ ធ្វើឲ្យប៉ះពាល់សុខភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។
ការរកឃើញទំនិញខូចគុណភាពនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពេលមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយអំពី គុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារស្រយូវ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាពដូចជា៖ 1.ទឹកទំពាំងបាយជូ ម៉ាក HAWAI ចំណុះ 180ml ចំនួន12 ដប (ផលិតនៅប្រទេសថៃ) 2.ចាហួយដូង ម៉ាក THANH BINH ចំនួន 4 កេះ(ផលិតនៅប្រទេសវៀតណាម) 3.ចាហួយ ម៉ាកAN HAI (100g) ចំនួន44ដុំ (ផលិតនៅប្រទេសវៀតណាម) 4.ទឹកក្រូច ម៉ាក B. Smart 350ml ចំនួន48 ដប((ផលិតនៅប្រទេសថៃ) 5.ទឹកក្រូចម៉ាក FANTA ចំណុះ 390ml ចំនួន 8 ដប (ផលិតនៅប្រទេសថៃ)។
ក្រុមការងារបានធ្វើ កំណត់ហេតុ និងដកហូតយកទំនិញខូចគុណភាពទាំងនោះ យកទៅទុកដុតកម្ទេចចោល។ ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយនឹងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនឹងហាង រកឃើញសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕