(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមប្រគល់ផ្ទះចំនួន ២ខ្នង រួមនឹងសម្ភារប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ផ្ទាល់ខ្លួន និងចែកអំណោយមនុស្សធម៌ ដល់ចាស់ជរាទីទ័លក្រ ដែលកំពុងជួបការលំបាក ក្រុងស្ទឹងសែន និងបន្តដំណើរចុះជួបក្មេងស្រី ដែលមានជីវភាពលំបាក ដែលកំពុងរស់នៅជាមួយជីដូន នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ លោក សុខ លូ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ គិតគូជានិច្ចនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។ ហើយការចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជានេះ គឺមិនមានការប្រកាន់ នូវនិន្នាការនយោបាយ ពណ៌សប្បុរ ឬសាសនានោះឡើយ និងបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត។

ក្រៅពីនេះ លោក សុខ លូ និងសហការី បានបន្តដំណើរចុះជួបក្មេងស្រីឈ្មោះ ឡៃ ដាលីន អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ សាលាអនុវិទ្យាល័យពាមគ្រែង និងឈ្មោះ ឡៃ ឈុនឡាវ អាយុ១២ឆ្នាំ ថ្នាក់ទី៦ សាលាបឋមសិក្សា កំពង់គោ និងក្មេងប្រុសឈ្មោះ ឡៃ យូនីត អាយុ២ឆ្នាំ ដែលមានជីវភាពលំបាក កំពុងរស់នៅជាមួយជីដូន នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះលោកបានឧបត្ថម្ភ កង់ចំនួន២គ្រឿង សម្ភារសិក្សា សំលៀកបំពាក់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនថែមទៀត ព្រមទាំងផ្តាំផ្ញើដល់លោកមេភូមិ មេឃុំ បន្តតាមដានការសិក្សាឲ្យបានល្អ និងជីវភាពរស់នៅរបស់ក្មេងៗទាំងនោះបន្ថែមទៀត។

គួរំលឹកដែរថា ការប្រគល់ផ្ទះទាំង២ខ្នងនេះ ដែលមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្តាមុខ១ជ្រុង ជញ្ជាំងសង្ក័សី៣ជ្រុង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រប្តីឈ្មោះ កែវ វណ្ណនាង អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ភឿង ចន្ថា អាយុ៣៦ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៣នាក់ នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំណែកឯផ្ទះមួយទៀត ប្រគល់ជូននិវត្តន៍ជនមួយរូប ដែលមានជីវភាពខ្វះខាត នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន និងសម្ភារប្រើប្រាស់មួយចំនួន ព្រមទាំងបន្តដំណើរចុះជួបសំណេះសំណាល ជាមួយជនចាស់ជរាទីទ័លក្រ ចំនួន៣គ្រួសារបន្ថែមទៀត ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ ដោយមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីដ១កញ្ចប់ ផើងចំរោះរូបទន្សាយ១ ជើងកន្ថោ១ ទឹកសុទ្ធ១កេះ ព្រមទាំងថវិកាផ្ទាល់ខ្លួនមួយចំនួនថែមទៀត៕