(កំពង់ធំ)៖ បន្ទាប់ពីបានទទួលដំណឹងថា មានស្រែរបស់ប្រជាកសិករនៅតំបន់ខ្លះនៃឃុំទ្រៀល ឃុំពង្រ ឃុំស្រឡៅ ស្រុកបារាយណ៍ បាននិងកំពុងជួបបញ្ហាខ្វះទឹកគ្រាដែលស្រូវកំពុងចេញផ្លែនោះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទខេត្តជាច្រើនរូបទៀត បានចុះទៅពិនិត្យមើលស្ថានភាពស្រែរបស់ពួកគាត់នៅចំណុចឃុំទាំង៣ ដែលមានបញ្ហាខ្វះខាតទឹកខណៈដែលស្រូវចាប់ផ្ដើមចេញផ្លែ និងបានជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ទីតាំងដែលមានបញ្ហាទឹកនេះគឺមានប្រមាណ៦៤២៨ហិកតា ក្នុងចំណោមផ្ទៃដីស្រែជិត១ម៉ឺនហិកតានៅតំបន់នោះ។ លោកអភិបាលខេត្តបានបន្តថា អាជ្ញាធរបានជួយសង្គ្រោះបឋមចំនួន១៥០០ហិកតា និងជួយសង្គ្រោះបន្តទៀត ចំណែកស្រូវដែលសង្គ្រោះមិនបានដោយសារគ្មានប្រភពទឹកមានចំនួន២៥០០ហិកតា។
ជាមួយនឹងគ្រោះធម្មជាតិមួយនេះ អភិបាលខេត្តកំពង់ធំ បានដាក់ម៉ាស៊ីនបូមទឹកចំនួន៨គ្រឿង ដើម្បីបូមទឹកបញ្ចូលស្រែជូនប្រជាកសិករ បង្ការខ្លាចស្រូវស្កក។ ចំពោះប្រពភទឹកនៅតំបន់នោះវិញ លោកថា មិនមានបញ្ហាចោទទេ ព្រោះមានប្រឡាយមេរហូតដល់៣ខែ្ស សម្រាប់ប្រើប្រាស់ និងប្រឡាយរងតូចៗជាច្រើនទៀត។
អភិបាលបាលខេត្ត ក៏បានជំរុញឲ្យក្រុមការងារត្រូវតែរូតរះដាក់ម៉ាស៊ីនបូមទឹក ជូនកសិករឲ្យទាន់ពេលវលា ដោយធ្វើយ៉ាងណាមិនមានបញ្ហានាំប៉ះពាល់ស្រូវប្រជាកសិករ។ លោក បានប៉ាន់ប្រមាណថា ស្រែខ្លះដែលខ្វះទឹកអាចបណ្តាលឲ្យប៉ះពាល់ដែរ ប្រសិនជាមិនមានទឹកក្នុងរយៈពេល៥ទៅ៦ថ្ងៃទៀត ហើយមេឃក្តៅហួតហែងបែបនេះ។
តែទោះជាបែបនេះក្តី លោកបានបញ្ជាក់ប្រាប់ម្ចាស់ស្រែទាំងនោះថា សូមកុំមានការព្រួយបារម្ភ ក្រុមការងារកំពុងជួយដោះស្រាយជូនហើយ។ កសិករម្ចាស់ស្រែសំដែងការត្រេកអរ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលបានចុះជួយដោះស្រាយភ្លាមៗ ជូនប្រជាពលរដ្ឋទាន់ពេលវេលាបន្ទាប់ពីបានទទួលដំណឹងនេះ៕