(ភ្នំពេញ)៖ ព្រៃកោងកាង ក្នុងភូមិសាស្ដ្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង កំពុងមានការឈូសឆាយ ការកាប់ទន្ទ្រាន ការចាប់ដីលុប ការរានយកធ្វើលំនៅឋាន ការហ៊ុមព័ន្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងចេញប័ណ្ណកម្មសិទ្ធិឡើងវិញ។
ឆ្លើយតបនឹងបញ្ហាដែលគួរឲ្យព្រួយបារម្ភនេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតទៅកាន់អភិបាលខេត្តទាំង៤ រួមមាន កែប កំពត ព្រះសីហនុ និងកោះកុង ត្រូវមានវិធានការគ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាង នៅក្នុងភូមិសាស្ដ្ររបស់ខ្លួនកាន់កាប់។
រដ្ឋមន្ដ្រី វេង សាខុន ក៏បានឲ្យដឹងផងដែរថា នៅពេលថ្មីៗនេះ មានការចេញប័ណ្ណកម្មសិទ្ធិកាន់កាន់ព្រៃកោងកាង ក្នុងកន្លែងសហគមន៍នេសាទជាច្រើនកន្លែង ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។
រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបញ្ជាក់ទៅកាន់អភិបាលខេត្តទាំង៤ខាងលើយ៉ាងដូច្នេះថា «ដើម្បីទប់ស្កាត់នូវសកម្មភាពនៃការឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅឋាន ការហ៊ុមព័ទ្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងការចេញប័ណ្ណកម្មសិទ្ធិនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត យកចិត្តទុកដាក់គ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាង ដែលស្ថិតក្នុងដែនសមត្ថកិច្ចខេត្តនីមួយៗ ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងដីរដ្ឋ»។
យោងតាមច្បាប់ស្ដីពីជលផល ព្រៃលិចទឹក និងព្រៃកោងកាង មានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ដូចនេះការឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅឋាន ការហ៊ុមព័ន្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ។ល។ នៅក្នុងដែននេសាទត្រូវបានហាមឃាត់។
ម្យ៉ាងទៀត មាត្រា៣ នៃអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ស្ដីពីការគ្រប់គ្រងសហគមន៍នេសាទ បានបញ្ញត្តិថា «កន្លែងនេសាទសហគមន៍ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ»៕