(ភ្នំពេញ)៖ ហាងនំបុ័ងដ៏ល្បីល្បាញនៅកម្ពុជា Tous Les Jours បានពង្រីកសាខាថ្មីបន្ថែមទៀតហើយ ដែលសាខានេះ ជាសាខាទី៣២នៅកម្ពុជា និងបានបើកសម្ពោធជាផ្លូវការនារសៀលថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅ The Bridge Lifestyle Mall។
ហាងនំបុ័ងTous Les Jours ជាហាងនំបុ័ងល្បីឈ្មោះមកពីប្រទេសកូរ៉េ ដែលមាននំបុ័ងដុតថ្មីៗជារៀងរាល់ថ្ងៃច្រើនប្រភេទ និងសំបូរបែបសម្រាប់អតិថិជន ដែលនិយមទទួលទាននំបុ័ង និងកាហ្វេ។
លោក លាង សុវណ្ណរិទ្ធ នាយកប្រតិបិត្តក្រុមហ៊ុន Yinkok Food Corp បានឲ្យដឹងថា «Tous Les Jours ដែលស្ថិតក្នុងផ្សារទំនើប The Bridge Lifestyle Mall និងប្រកាសបើកសម្ពោធនៅថ្ងៃនេះជាសាខាទី៣២ និងសាខាកូនពៅផងដែរក្នុងឆ្នាំនេះ។ ប៉ុន្ដែក្រុមហ៊ុននៅមានគម្រោងបើកបន្ដទៀតនៅឆ្នាំបន្ដបន្ទាប់»។
លោកបន្ដទៀតថា តាំងពីនាំប៊្រេន Tous Les Jours ចូលមកទីផ្សារកម្ពុជា ក្រុមហ៊ុនមានការរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំ។ ការរីកចម្រើននេះបណ្ដាមកពី តម្រូវការអតិថិជនដែលគាំទ្រមានកំណើនច្រើន ជាក់ស្ដែងរយៈពេល១ឆ្នាំចុងក្រោយនេះ Tous Les Jours បានពង្រីកសាខារហូតដល់១៦ឯណ្ណោះ ហើយគ្រោងនឹងបន្ដពង្រីកតាមបណ្ដាខេត្តមួយចំនួនទៀតដែរ។
លោកបញ្ជាក់ទៀតថា «ឆ្នាំនេះការលក់របស់ Tous Les Jours មានការកើនឡើងខ្ពស់ បើធៀបនឹងបណ្ដាឆ្នាំដទៃទៀត ព្រោះមានការគាំទ្រពីអតិថិជនច្រើនជារាល់ឆ្នាំ។ ការកើនឡើងខ្ពស់ជារាល់ឆ្នាំនេះបណ្ដាលមកពី Tous Les Jours មានរូបមន្ដពិសេសក្នុងការធ្វើឲ្យនំបុ័ងមានរសជាតិឈ្ងុយឆ្ងាញ់, ផ្ដោតសំខាន់លើគុណភាពចំណីអាហារ ដោយឡែកសម្រាប់បុគ្កលិកវិញមានភាពរួសរាយរាក់ទាក់ ទាំងនេះជាចំណុចពិសេសក្នុងការទាក់ទាញអតិថិជន»។
លោកបន្ថែមទៀតថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាសាខាថ្មីរនេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនបន្ថែមទៀត»។
សូមបញ្ជាក់ថា Tous Les Jours ត្រូវនាំមកកម្ពុជាដោយក្រុមហ៊ុន Yinkok Food Corp ជាក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារឈានមុខគេនៅកម្ពុជា។ បច្ចុប្បន្ន Yinkok Food Corp មានក្រុមហ៊ុនបុត្រសម្ពន្ធ័ជាច្រើនដូចជា Tous Les Jours, Domino’s Pizza, Lotteria, The Asian Kitchen និងT&C៕