(បាត់ដំបង)៖ ក្រុមកីឡាបាល់ទាត់ «ជនបញ្ញាខ្សោយខ្មែរ» មិនប្រកាន់អាយុ នៃគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានក្លាយជាម្ចាស់ជើងឯកឈ្នះបានមេដាយមាស ពីព្រឹត្តិការណ៍ប្រកួតកីឡាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមលើកទី៨ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានឈ្នះក្រុមកីឡាករវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផលបច្ចេកទេស៦ទល់២។
លោក លី ឌីនូរី អនុប្រធានគណៈកម្មាធិការស្បេស្យាល់អូឡាំពិកខេត្តបាត់ដំបង និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាករទៅចូលរួមការប្រកួតនោះ បានប្រាប់ឲ្យដឹងថា៖ «ក្រុមបាល់ទាត់របស់យើងបានចេញទៅតាំងពីថ្ងៃទី១៦ និងត្រឡប់មកដល់កម្ពុជាវិញ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយក្រុមកីឡាករយើង បានសប្បាយចិត្តដោយទទួលបានលទ្ធផលល្អ គឺចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាស ខណៈវៀតណាមម្ចាស់ផ្ទះបានមេដាយប្រាក់ និងថៃឈ្នះមេដាយសំរឹទ្ធ»។
តាមការប្រាប់បន្ថែម ពីលោកប្រធានប្រតិភូការប្រកួតនេះ គឺមានប្រទេសចូលរួមចំនួន៥ រួមមាន៖ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ។ កម្ពុជាបានបញ្ជូនកីឡាករ៨នាក់ (បម្រុង៣នាក់) ខណៈដែលបច្ចេកទេស នៃការប្រកួត មានតែម្ខាង៥នាក់ប៉ុណ្ណោះ ដោយមួយវគ្គមានតែ១៥នាទី។
ជាលទ្ធផល នៃការប្រកួតរយៈពេល២ថ្ងៃនោះ ក្រុមបាល់ទាត់ «ជនបញ្ញាខ្សោយរបស់កម្ពុជា» បានប្រកួតឈ្នះក្រុមវៀតណាម(ក្រុមទី១) ៧-០ សម្រាប់ការប្រកួតបើកឆាក នៅព្រឹកថ្ងៃសៅរ៍ និងបន្តបានស្មើជាមួយក្រុមថៃ ក្នុងលទ្ធផល២-២ និងបានយកឈ្នះក្រុមឡាវ៣-០ នាល្ងាចថ្ងៃសៅរ៍នោះដែរ។ ចំណែកនៅថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ក្រុមកម្ពុជាបានឈ្នះវៀតណាម(ក្រុម២) ក្នុងលទ្ធផល១-៣ និងយកឈ្នះថៃ៤-២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងទៅជួបក្រុមវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ ហើយនៅក្នុងការប្រកួតនោះ ក្រុមទាំង២ ប្រកួតយ៉ាងស្វិតស្វាញ ប៉ុន្តែកម្ពុជា បានឈ្នះវៀតណាម ក្នុងលទ្ធផល៦-២។
លោក អុល ថាវ៉ន គ្រូបង្វឹកមកពីខេត្តបាត់ដំបង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ ក៏បានប្រាប់ថា៖ «យើងធ្លាប់ចូលរួមការប្រកួតនេះ៨លើកមកហើយ គឺនៅឆ្នាំ២០០៩ នៅថៃយើង ទទួលបានត្រឹមលេខ៤ ក្នុងឆ្នាំ២០១០ យើងខកខានចូលរួមប្រកួត។ ចំណែកនៅឆ្នាំ២០១១ យើងបានក្លាយជាម្ចាស់ជើងឯក ក្នុងនាមជាធ្វើម្ចាស់ផ្ទះ តែការប្រកួតឆ្នាំ២០១២ នៅមីយ៉ាន់ម៉ា អត់បានមេដាយនោះទេ ឯឆ្នាំ២០១៣ យើងយើងអត់បានចូលរួមទេ នៅឆ្នាំ២០១៤ យើងទទួលបានចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៧ ធ្វើនៅមីយ៉ាន់ម៉ា បានលេខ២ និងឆ្នាំ២០១៨នេះ យើងទទួលបានចំណាត់ថ្នាក់លេខ១ មេដាយមាស ដែលនេះជាលទ្ធផលដ៏ល្អមួយគួរជាទីមោទនៈ»៕