(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(NEA) នឹងរៀបចំពិព័រណ៍ការងារខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០១៨ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមកិច្ចសហការជាមួយសាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) និងអង្គការ Finn Church Aid។
កម្មវិធីចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៨៖០០នាទីល្ងាច នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចូលរួមដោយមិនគិតថ្លៃ និងកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដាក់ពាក្យរកការងារផ្ទាល់ ។
នេះជាលើកទី១ហើយ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំព្រឹត្តិការណ៍ការងារដ៏ធំជាងគេបំផុត នៅក្នុងខេត្តបាត់ដំបង ក្នុងគោលបំណង៖
*បង្កើតជាវេទិកាជួបជុំគ្នា នៅមួយកន្លែងដោយងាយស្រួល សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើ ធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ
*និយោជក អាចធ្វើការផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីទាក់ទាញអ្នកស្វែងរកការងារធ្វើ ដែលមានសមត្ថភាព
*អ្នកស្វែងរកការងារធ្វើ អាចដាក់ពាក្យរកការងារ នៅនឹងកន្លែងផ្ទាល់ ព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារនាពេលអនាគត ព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនានា
*អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ
*ផ្តល់វេទិកាសម្រាប់បង្កើតបណ្តាញទំនាក់ទំនង ផ្នែកធនធានមនុស្ស
សូមបណ្តាក្រុមហ៊ុន សហគ្រាស គ្រឹស្ថានអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ សិស្ស/និស្សិត និងសាធារណជនទូទៅ អញ្ជើញចូលរួមអោយបាច្រើនកុះករដោយឥតគិតថ្លៃ។
សម្រាប់ព័ត៌មានលម្អិត អំពីការចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ៖ ០១៧ ៤៦៧ ៤២៣ ឬគេហទំព័រ pcf.nea.gov.kh/bb៕