(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក តូច ដារា មេបញ្ជារងបញ្ជាការដ្ឋានកងអង្គរក្ស និងលោកស្រី ព្រមទាំងក្រុមការងារ និងពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តគគីរដួច ស្ថិតក្នុងឃុំព្រៃគគីរស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយប្រមូលបច្ច័យបានចំនួន៤៤លានរៀល ដើម្បីទុកសម្រាប់កសាងទីអារាមមួយនេះ ឱ្យកាន់តែរីកចំរើនជាបន្តបន្ទាប់ទៀត។
លោកឧត្តមសេនីយ៍ឯក តូច ដារា បានថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពនេះហើយ ទើបយើងមានឱកាសអភិវឌ្ឍប្រទេស ឱ្យរីកចម្រើនឥតឈប់ឈរទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយអង្គកឋិនទាននេះជាមហាសាមគ្គីមួយ ដែលធ្វើឱ្យខ្មែរយើងទាំងអស់គ្នា ចេះរួបរួមគ្នាជាធ្លុងមួយ ក្នុងការធ្វើបុណ្យធ្វើទានដើម្បីបានជាកុសល្យទៅជាតិខាងមុខ។
លោកបានថ្លែងបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ មានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ សីលធម៌សង្គម សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល និងការពារបាននូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាតរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឱ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមកម្ពុជា ធានាបាននូវវិបុលសុខ និងភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋ។
បើតាមព្រះគ្រូ ជុំ ចន្ថា ព្រះគ្រូចៅអធិការវត្តគគីរដួច មានសង្ឃដិការថា បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញក្បួនកឋិនទាន តែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកក្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម សប្បាយរីករាយក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមាន ត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយទេយ្យទានផ្សេងៗទៀត ដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រ សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក ហើយបើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្តនៅតាមដងទន្លេ គេជិះទូក ឬកាណូតផងដែរ៕