(កំពង់ធំ)៖ ដោយឃើញពីសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មានការមមាញឹកក្នុងការងារមនុស្សធម៌ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលជួបការលំបាក នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តផ្តល់អំណោយជូនដល់ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌ ជួយដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំបន្តទៀត។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ផងដែរថា នេះជាលើកទី៥ ហើយដែលលោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានពាំនាំនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកផ្តល់ជូនក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
គួរបញ្ជាក់ដែរថា អំណោយដែលសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមមាន៖ អង្ករចំនួន៣តោន, មីយើង ៣០០កេស, រទេះរុញសម្រាប់ជនពិការ២០រទេះ និងឈើច្រត់សម្រាប់ជនពិការ១០គូរ៕