(ភ្នំពេញ)៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បាននាំចូល និងបង្ហាញម៉ាស៊ីនព្យាបាលគ្រួសក្នុងតំរងនោម ដោយសារការបាញ់រំលាយគ្រួសនៅក្នុងតំរងនោម ដោយមិនចាំបាច់ធ្វើការកាត់វះកាត់ឡើយ ដែលបច្ចេកវិទ្យានេះ គឺជាបច្ចេកវិទ្យាដំបូងគេនៅក្នុងប្រទេសកម្ពុជា។ កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៨ មន្ទីរពេទ្យបានធ្វើសិក្ខាសាលាបង្ហាញពីបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសុខាភិបាល។
លោកវេជ្ជបណ្ឌិត Soarawee Weerasophone អ្នកជំនាញផ្នែកតំរងនោម នៃមន្ទីរពេទ្យបាងកក និងជាវាគ្មិនក្នុងសិក្ខាសាលានេះ បានឱ្យដឹងថា ម៉ាស៊ីនដែលមន្ទីរពេទ្យយកមកបង្ហាញ និងប្រើប្រាស់ក្នុងពេលនេះ ជាបច្ចេកវិទ្យាថ្មីមួយ ព្យាបាលគ្រួសក្នុងតំរងនោម ដោយការបាញ់បំបែកគ្រួសក្នុងតំរងនោម គ្មានការឈឺចាប់ និងមិនចាំបាច់វះកាត់ គេងក្នុងមន្ទីរពេទ្យយូរទេ ពោលគឺគ្រាន់តែបាញ់បំបែកគ្រួសនោះរួច អ្នកជំងឺអាចត្រលប់ទៅផ្ទះវិញ និងមិនមានការឈឺចាប់នោះឡើយ។
លោកបន្តថា ម៉ាស៊ីនមួយនេះ គឺមានតែមួយប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងនៅក្នុងប្រទេសកម្ពុជាទាំងមូល ហើយសូម្បីតែនៅក្នុងប្រទេសថៃ ក៏មិនទាន់មានការប្រើប្រាស់ម៉ាស៊ីនបែបនេះដែរ ដូចនេះអ្នកជំងឺគ្រួសក្នុងតំរងនោមនៅកម្ពុជា គឺជាអ្នកទទួលបានការព្យាបាលមុនគេដោយបាញ់បំបែកគ្រួសក្នុងតំរងនោម។
លោកបន្ថែមថាម៉ាស៊ីននេះ មានសមត្ថភាពអាចបាញ់បំបែកគ្រួសតូចជាង២សង់ទីម៉ែត្រ ប៉ុន្តែបើសិនជាគ្រួសនៅក្នុងតំរងនោមនោះធំ គឺត្រូវការបាញ់ច្រើនដង ដើម្បីឲ្យបែកជាបំបែកតូចៗ ហើយវាត្រូវចេញមកក្រៅតាមរយៈទឹកនោម។ យ៉ាងណាក៏ដោយ បើសិនជាបាញ់រួច អ្នកជំងឺនោមមកចេញឈាម និងឈឺចាប់បន្តិចបន្តួច នោះវាមិនមានអ្វីជាបញ្ហាទេ ព្រោះពេលនោមចេញមក គ្រួសដែលបាញ់បំបែកត្រូវហូរកាត់បំពង់បង្ហួរនោម និងមានការកកិតទើបធ្វើឲ្យមានឈាមបែបនេះ។
លោកវេជ្ជបណ្ឌិត បូ សុភាព អ្នកឯកទេសជំងឺតំរងនោម ប្រចាំមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានថ្លែងថា តាមការសង្កេតនៅក្នុងប្រទេសកម្ពុជា ចំនួននៃការកកើតគ្រួសក្នុងតំរងនោមមានច្រើន ជាក់ស្ដែងក្នុងមន្ទីរពេទ្យធំៗ ដូចជា មន្ទីរពេទ្យលោកសង្ឃជាដើម មានការវះកាត់បីទៅបួនករណីជារៀងរាល់ថ្ងៃ។ ការនាំយកបច្ចេកវិទ្យាម៉ាស៊ីនបាញ់គ្រួសក្នុងតំរងនោម មកកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាការព្យាបាលមួយដោយមិនមានការឈឺចាប់ និងមិនត្រូវការឱ្យអ្នកជំងឺគេងសម្រាកនៅមន្ទីរពេទ្យឡើយ។
លោកបានបន្តថា គ្រួសក្នុងតំរងនោមកើតឡើងដោយសារតែការបរិភោគទឹកមិនគ្រប់គ្រាន់ ខ្វះលំហាត់ប្រាណ និងការទទួលទានចំណីអាហារលើសតុល្យភាពជាដើម។ ដូចនេះ ប្រជាពលរដ្ឋកម្ពុជា គួរតែទទួលទានឱ្យបានពី២,៥លីត្រ ទៅ៣លីត្រ ក្នុងមួយថ្ងៃការពារហានិភ័យនៃជំងឺគ្រួសក្នុងតំរងនោម។
គួរបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តែងតែនាំយកបច្ចេកវិទ្យាថ្មីៗដំបូងបំផុតមកកាន់ប្រទេសកម្ពុជា ដើម្បីព្យាបាលអ្នកជំងឺ ដោយមានភាពងាយស្រួលបំផុត ហើយមន្ទីរពេទ្យក៏ទទួលបានភាពជោគជ័យជាច្រើនផងដែរ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗ របស់ខ្លួនដែលបាននាំចូលនាពេលកន្លងមក៕