(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តសៀមរាប សហការជាមួយអង្គការមនុស្សធម៌ដើម្បីកុមារ និងស្ត្រី សូមអំពាវនាវសុំឱ្យសាធារណជនជាតិ-អន្តរជាតិ ចូលរួមកម្មវិធី «ជិះកង់ដើម្បីកុមារ» លើកទី១៣ នៅតំបន់អង្គរដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
លោកស្រី ម៉ននី រង្សី អនុប្រធាន ស.ស.យ.ក ខេត្តសៀមរាប បានឱ្យដឹងថា ឆ្នាំនេះជាលើកទី២ហើយ ដែល ស.ស.យ.ក ខេត្ត បានចូលរួមសហការ ជាមួយអង្គការមនុស្សធម៌ដើម្បីកុមារ និងស្ត្រី, អាជ្ញាជាតិអប្សរា, ក្រុមហ៊ុន និងអង្គភាពពាក់ព័ន្ធនានា រៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីកុមារ» នៅលើទឹកដីអង្គរ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
លោកស្រីបានបញ្ជាក់ថា កម្មវិធីនេះ នឹងបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្អូនៗយុវជន ក្នុងខេត្តសៀមរាប បានចូលរួមចំណែកលើក ស្ទួយវិស័យកីឡាកម្ពុជា តាមរយៈការជិះកង់ជាលក្ខណៈមិត្តភាព និងដើម្បីប្រមូលថវិកា ដែលនៅសល់ពីការចំណាយ ក្នុងកម្មវិធីទៅជួយកុមារ និងស្រ្ដីដែលរស់នៅក្នុងពន្ធនាគារ និងចែកកង់ សម្ភារៈសិក្សា ជូនប្អូនៗសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សា តែខ្វះមធ្យោបាយ ដែលនេះជាផ្នែកមួយក្នុងការជួយលើកកម្ពស់ និងជំរុញការសិក្សារបស់កុមារ ដែលមានជីវភាពខ្វះខាត់ មានឱកាសសិក្សា ដូចកុមារទូទៅ។
លោកស្រី បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្អូនៗយុវជន សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ក្នុងន័យគាំទ្រវិស័យកីឡាកម្ពុជា និងការងារសប្បុរស់ធម៌ ដែលបងប្អូនអាចចុះឈ្មោះចូលរួមបានតាមប្រព័ន្ធ Online ឬចុះឈ្មោះនៅទីតាំងផ្ទាល់។ ស.ស.យ.ក ខេត្តនឹងព្យាយាមសហការជាមួយអង្គភាពជំនាញទាំងអស់ ក្នុងការរៀបចំកម្មវិធីជិះកង់ដើម្បីកុមារ នាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
សូមបញ្ជាក់ផងដែរថា រយៈចម្ងាយនៃការជិះកង់ មាន៣ប្រភេទគឺទី១៖ កាជិះកង់រយៈចម្ងាយ១៧គីឡូម៉ែត្រ ជាលក្ខណៈកម្សាន្ត, ទី២៖ ការជិះកង់រយៈចម្ងាយ៣៧គីឡូម៉ែត្រ ជាការជិះកង់មានលក្ខណៈប្រកួតប្រជែងដោយប្រើប្រាស់កង់ភ្នំ និង៣៖ ការជិះកង់រយៈចម្ងាយ១១៧គីឡូម៉ែត្រ ជាការជិះកង់មានលក្ខណៈប្រកួតប្រជែងដោយប្រើប្រាស់កង់គួក។ រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺទទួលអ្នកចុះឈ្មោះ បានចំនួន ២៦៨នាក់ហើយ ក្នុងនោះមានបរទេស ៩១នាក់។
អ្នកស្រីបានបន្ថែមទៀតថា ហើយកាលពីឆ្នាំ២០១៧កន្លងទៅ គឺមានអ្នកចូលរួមសរុប៥៥៤នាក់ ក្នុងនោះមានបរទេស ចំនួន២៣១នាក់។ ហើយថវិការ ដែលនៅសល់ពីការរៀបចំកម្មវិធីក្នុងឆ្នាំ២០១៧ បានទិញកង់ជួយឧត្ថម្ភ ចំនួន៥០កង់ ដល់សិស្សានុសិស្សក្រីក្រ នៅសាលាបឋមសិក្សាព្រៃទទឹង ក្នុងខេត្តសៀមរាប និងកង់មួយចំនួនទៀតដល់សិស្សានុសិស្ស នៅក្នុងខេត្តព្រៃវែង។
ក្នុងនោះឧត្ថម្ភថវិការទៅដល់អង្គការ IL NODO ដែលជាអង្គការក្នុងស្រុកមួយដែលធ្វើការជួយទៅដល់កុមារ ដែលរស់នៅក្នុងពន្ធនាគាជាមួយម្ដាយ និងស្រ្តីដែលរស់នៅក្នុងពន្ធនាគារជាមួយម្ដាយ និងស្រ្ដីដែលរស់នៅក្នុងពន្ធនាគារ ក្នុងព្រះរាជាណាចក្រកម្ពុជា៕