(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ ដែលទើបចូលកាន់តំណែងជា អភិបាលខេត្តត្បូងឃ្មុំថ្មី បន្ទាប់ពីទទួលបានដំណឹង ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋខ្វះខាតប្រេងឥន្ធនៈ ដើម្បីចាក់ម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកចូលវាលស្រែប្រាំង ចំនួន១៧៥៥ហិចតា ក្នុង៧ឃុំ នៃស្រុកក្រូចឆ្មារ កំពុងជួបប្រទះបញ្ហាខ្វះទឹកនោះ, នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ រូបលោក និងអភិបាលរងខេត្តចំនួន២រូប ដឹកនាំមន្ទីរពាក់ព័ន្ធរួមនឹងលោកអភិបាលស្រុកក្រូចឆ្មារ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ និងផ្តល់ប្រេងឥន្ធនៈចំនួន៥០០០លីត្រ ដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ របស់ប្រជាកសិករ ជាពិសេសក្នុងនាមជា អាណាព្យាបាលរបស់ពលរដ្ឋ។
លោកអភិបាលខេត្តបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ គឺនៅរង់ចាំជួយបងប្អូនគ្រប់ពេលវេលា ជាក់ស្តែងក្រោយទទួលបានដំណឹងនេះភ្លាម ជាការឆ្លើយតប ប្រេងម៉ាស៊ូតទាំង៥០០០លីត្រ ដែលផ្តល់ជូននាពេលនេះ ហើយលោកនឹងផ្តល់ជាបន្តបន្ទាប់ទៀត គឺដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ សម្រាប់ចាក់ម៉ាស៊ីនបូមទឹកបញ្ចូលស្រែ។
លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ចំពោះក្នុងទឹកដីខេត្តត្បូងឃ្មុំនេះ គឺពិតជាមិនអាចកាត់ផ្តាច់ បានពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រោះថា សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ តែងតែផ្សារភ្ជាប់ជានិច្ច ដោយលោកបានជួយខ្លាំងណាស់ លោកជួយច្រើនណាស់ ហើយអ្វីដែលលោកជួយ គឺទទួលបានលទ្ធផល ដោយពេញចិត្តត្រឡប់មកវិញផងដែរ ព្រោះបងប្អូនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសក្នុងស្រុកក្រូចឆ្មារនេះ យកឈ្នះយ៉ាងច្រើនលើសលប់ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តសង្កត់ធ្ងន់ ដោយស្នើឲ្យលោកអភិបាលស្រុកក្រូចឆ្មារ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពស្រុក អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល បង្ក្រាបឲ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។
លោក ជាម ច័ន្ទសោភ័ណ បានសំណូមពរឲ្យលោកមេភូមិ មេឃុំ ក្តាប់ឲ្យជាប់នូវសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាតម្រូវការចាំបាច់ ហើយរាយការណ៍មកកាន់ស្រុក ក៍ដូចជាខេត្ត នឹងធ្វើការដោះស្រាយជូនបងប្អូន។
សូមបញ្ជាក់ថា ចំពោះប្រេងសាំងម៉ាស៊ូត៥០០០លីត្រនេះ ២៥០០លីត្រទទួលបានពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និង២៥០០លីត្រ ចូលរួមផ្តល់បន្ថែមជាបន្តពីមន្ទីរធនធានទឹកខេត្តត្បូងឃ្មុំ ដើម្បីបន្តសកម្មភាព អន្តរាគមន៍បូមទឹកបញ្ចូលស្រែ ដែលជួបបញ្ហាគ្រោះរាំងស្ងួតចំនួន១៧៥៥ហិចតា ដែលបូមចេញពីប្រភពទឹកទន្លេ, ទឹកអូរក្តារ និងបឹងច្រឹង ដោយប្រើម៉ាស៊ីនបូមទឹកចំនួនប្រមាណ៣០គ្រឿង ក្នុងនោះ១៤គ្រឿង ជាអំណោយផ្តល់ជូនពី លោកបនាយករដ្ឋមន្ត្រី ជា សុផារ៉ា (ផ្តល់ជូន៧ឃុំ ក្នុងស្រុកក្រូចឆ្មារដោយ១ឃុំទទួលបាន២គ្រឿង) និងមួយចំនួនផ្សេងទៀត ទទួលពីអាជ្ញាធរ និងក្រោមការឧបត្ថម្ភពីសប្បុរសជននានា ៕