(សៀមរាប)៖ គណៈកម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ ក្នុងរមណីយដ្ឋានអង្គរ ដែលមានសមាសភាពមកពីអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានជួបប្រជុំពិភាក្សាគ្នារកដំណោះស្រាយលើការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ នៅមុខក្រុមប្រាសាទព្រះពិធូរ
កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប ស្របពេលដែលបញ្ហាសណ្តាប់ធ្នាប់ ការចតយានជំនិះគ្មានរបៀបរៀបរយ និងការលក់ដូររបស់អាជីវករនៅក្នុងបរិវេណប្រាសាទព្រះពិធូរ កំពុងចោទជាបញ្ហាស្មុគស្មាញនានា ប៉ះពាល់ដល់សោភ័ណភាពប្រាសាទផងនោះ។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគណៈកម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្តាប់អ្នកលក់ដូរក្នុងរមណីយដ្ឋានអង្គរ បានបញ្ជាក់ក្នុងអង្គប្រជុំថា សណ្តាប់ធ្នាប់នៃតូបលក់ដូរ និងការចតយានជំនិះមុខក្រុមប្រាសាទព្រះពិធូរ សព្វថ្ងៃមិនមានសណ្តាប់ធ្នាប់របៀបរៀបរយ ដែលធ្វើឱ្យសំឡេងម៉ាស៊ីនភ្លើងជាប្រចាំ ក៏បានបង្កភាពរំខានដល់ភ្ញៀវទេសចរ ដែលចូលទៅទស្សនាប្រាសាទផងដែរ។
លោកបញ្ជាក់ថា ការរៀបចំអង្គប្រជុំនេះឡើង គឺជាការឆ្លើយនឹងអនុសាសន៍ណែនាំរបស់អ្នកជំនាញ នៃគណៈកម្មាធិការ ICC-Angkor និងស្ថាប័ន KOICA របស់ប្រទេសកូរ៉េ និងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ដែលបានទទួលជួយជួសជុលក្រុមប្រាសាទព្រះពិធូរ តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) និងបានបញ្ចប់ជំហានរបស់ខ្លួនហើយ នាពេលថ្មីៗនេះ។
ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបង្កើតគណៈកម្មការមួយដោយឡែក ដោយផ្តោតសំខាន់លើការសិក្សារកទីតាំងថ្មីសម្រាប់រៀបចំចំណត និងតូបលក់ដូរទាំងនេះ។ ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញនៅតែមិនទាន់សម្រេចបានទីតាំងសមស្របនៅឡើយ ដោយហេតុថាទីតាំងនៅបរិវេណនោះសុទ្ធតែគ្របដណ្តប់ដោយព្រៃឈើ និងបុរាណដ្ឋានជាច្រើន។ កិច្ចប្រជុំនៅពេលនេះ គឺដើម្បីប្រមូលគំនិតយោបល់បន្ថែមពីគណៈកម្មការ ដើម្បីមន្ត្រីជំនាញបានជាមូលដ្ឋានសម្រាប់យកទៅសិក្សាបន្តទៀត។
លោកឧត្តមសេនីយ៍ទោ ម៉ាន់ ឈឿន អនុប្រធាននាយកដ្ឋានទទួលបន្ទុកអង្គភាពការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានបញ្ជាក់ថា តូបលក់ដូរក្នុងតំបន់អង្គរពិតជាជួបភាពស្មុគស្មាញខ្លាំងមែន តែក្រុមការងារត្រៀមខ្លួនជានិច្ច ដើម្បីសហការគ្រប់ពេលវេលា។
គួររំឭកថា ព្រះពិធូរ ជាឈ្មោះក្រុមប្រាសាទចំនួន៥ ដែលស្ថិតនៅទល់មុខទីលានស្តេចគម្លង់ក្នុងបរិវេណរាជធានីអង្គរធំ គឺប្រាសាទកោរសក់ ប្រាសាទជម ប្រាសាទតាទួត ប្រាសាទដូនមា និងប្រាសាទសណ្តកយក្ស ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានស្គាល់ និងបានទៅទស្សនាប្រាសាទទាំងនេះ ដោយសារតែប្រាសាទទាំងនេះបិទបាំងដោយរបាំងព្រៃឈើ ជាពិសេសគឺតូបលក់ដូរជាច្រើននៅពីមុខផង៕