(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងដោយធ្វើការចាប់អារម្មណ៍ថាថ្មីៗនេះ បើនិយាយពីបរិបទពិភពលោកហាក់កំពុងជួបនូវរឿងគួរឲ្យតាមដាន។.
លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះរឿងនេះ ជារឿងទ្វីបអឺរ៉ុប ពួកស្បែកសឯណោះ។ បានន័យថាសុខៗស្រាប់តែលោកប្រធានាធិបតីបារំាង អេម៉ានុយ ម៉ាក្រុង ប្រកាសចង់បង្កើតទ័ពអឺរ៉ុប ដើម្បីជំនូសឲ្យទ័ព OTAN ដែលមានអាមេរិកជាចៅហ្វាយនាយតំាងពីក្រោយសង្រ្គាមលោកលើកទី២មកនោះទៅវិញ។
ចំពោះរឿងលោក ម៉ាក្រុង ចង់បង្កើតទ័ពអឺរ៉ុប ដែលធ្វើឲ្យពិភពលោកកំពុងតែចាប់អារម្មណ៍នឹងអាមេរិកពុំសប្បាយចិត្ដផងនោះ។ស្ថិតត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ថាបើនិយាយពី OTAN (Nortth Atlantic Allance) ដែលយើងហៅថា«សម្ព័ន្ធអាត្លង់ទិកខាងជើង»នោះ គឺជាបក្សសម្ព័ន្ធយោធាមួយដែលមានអាមេរិកជាបងធំ ត្រូវបានបង្កើតទ្បើងតាមសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅថ្ងៃទី០៤ មេសា ឆ្នាំ១៩៤៩។ ចំពោះគោលបំណងក្នុងការបង្កើតនេះគឺដើម្បីទប់ទល់ឥទ្ធិពលពីរុស្ស៊ី តែប៉ុណ្ណឹងឯង។
ដោយឈរលើមូលដ្ឋានអាមេរិកជាបងធំបក្សសម្ព័ន្ធយោធា OTANនេះ ហើយលោក ម៉ាក្រុង មានបំណងចង់បង្កើតកងទ័ពអឺរ៉ុបនេះ។ ស្ថិតត្រង់ចំណុចទំាងនេះលោក រត្ន័ សណ្ដាប់ យល់ថាចំពោះករណីលោក ម៉ាក្រុង ចង់បង្កើតទ័ពអឺរ៉ុបគឺប្រហែលជាលោក មើលឃើញអំពីគោលនយោបាយគំាពារជាតិរបស់ពួកអឺរ៉ុបសព្វថ្ងៃ ពិសេសការបង់ប្រាក់ដល់OTANនេះ ដោយស្ថិតក្រោមលេសរបស់អាមេរិកថាជាការជួយទប់ទាល់ឥទ្ធិពលពីរុស្ស៊ីនោះ គឺប្រៀបបានអ៊ឺរ៉ុបខ្លួនឯងយល់ព្រមជួយទ្រទ្រង់ឲ្យកងទ័ពអាមេរិក ដើម្បីពង្រឹងមូលដ្ឋានទ័ពដាក់នឹមអាណានិគមមកលើពួកអ៊ឺរ៉ុបខ្លួនឯងទៅវិញទេ។
មានន័យថាចំពោះគោលនយោបាយគំាពារជាតិរបស់ពួកអឺរ៉ុបសព្វថ្ងៃ ដោយយកអាមេរិកំាង មកធ្វើជាចៅហ្វាយនាយដើម្បីទប់ទល់ឥទ្ធិពលពីរុស្ស៊ីនេះ គឺមិនខុសពីគោលនយោបាយគំាពារជាតិរបស់ខ្មែរយើង កាលពីសម័យអាណានិគមនិយមបារំាងសែសនាឆ្នាំ១៨៦៣ ដោយហៅបារំាងឲ្យមកជួយដើម្បីទប់ទល់ឥទ្ធិពលពីសៀមយ៉ាងដូច្នោះដែរ។ បានសេចក្ដីថា«អឺរ៉ុបកំពុងស្ថិតក្នុងការរស់នៅកាលពីសម័យ១៥៥មុនកម្ពុជាយើង»នេះឯង។
បើដូច្នេះ ចំពោះទស្សននយោបាយការពារជាតិរបស់លោក ម៉ាក្រុង ដែលចង់បង្កើតកងទ័ពអឺរ៉ុបនេះ គឺមានន័យស្មើនឹងការរំដោះពួកអឺរ៉ុប ឲ្យចេញពីនឹមអាណានិគមរបស់អាមេរិក ឬរដ្ឋរណបរបស់អាមេរិក ឬរុស្ស៊ី យ៉ាងដូច្នោះឯង៕