(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ ចំនួន៦នាក់ ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដោយឡែកៗពីគ្នា។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានឲ្យដឹងថា ករណីទី១៖ ជនសង្ស័យ៣នាក់ បានប្រេីអំពេីហិង្សាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ពេលមានជម្លោះក្នុងពេលផឹកស៊ី នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចចូលទៅផ្លូវកោះព្រាប (ក្បែរនគរបាលព្រំដែនទឹក)។ ជនសង្ស័យទី១៖ឈ្មោះ ឆាយ ស្រ៊ អាយុ២៤ឆ្នាំ, ទី២៖ឈ្មោះ ឆាយ កុងស៊ុន អាយុ២៣ឆ្នាំ និងទី៣៖ឈ្មោះ ប៊ុន ដារា អាយុ២១ឆ្នាំ ដោយឡែក សពជនរងគ្រោះឈ្មោះ ស៊ុន វិច្ឆិកា អាយុ២៨ឆ្នាំ ស្រុកកំណេីតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបញ្ជាក់ថា រឿងហេតុ ដំបូងជនសង្ស័យទាំង៣នាក់ខាងលេី និងជនរងគ្រោះ បានផឹកសុីជាមួយគ្នា នៅចិញ្ចេីមផ្លូវលេីទំនប់រលក ផ្លូវទៅកោះព្រាប ពេលដែលជនរងគ្រោះស្រវឹងជោគជាំ បានទាស់ពាក្យសម្ដីគ្នា ហេីយ ក៏វាយតប់គ្នាតែម្តង បណ្ដាលជនរងគ្រោះធ្លាក់ពីលេីផ្លូវ បុកថ្ម បែកក្បាល បាក់កស្លាប់តែម្ដង។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម នគរបាលមូលដ្ឋានបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានភ្លាមៗ ក្នុងយប់នោះតែម្ដង។
ករណីទី២៖ ក្រុមចោរលួចកាច់សោរយកម៉ូតូ និងប្រេីប្រាស់អាវុធខុសច្បាប់ ក្លែងបន្លំប្រេីប្រាស់ឯកសណ្ឋាននគរបាលជាតិ ដែលក្រុមនេះមានបក្ខ៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់នៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេលួចបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម២០១៨ ពីក្រុងព្រះសីហនុ ហើយជិះគេចតាមផ្លូវ ស្រុកស្ទឹងហាវ សំដៅទៅផ្លូវជាតិលេខ៤ បម្រុងទៅភ្នំពេញ លុះមកដល់ចំណុចស្ពានទី៦ ក្នុងឃុំសំរុងស្រុកព្រៃនប់ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។
ជនសង្ស័យទី១៖ឈ្មោះ ចាន់ ពិសិដ្ឋ ឬសែម ចន្ធូ អាយុ៣០ឆ្នាំ មុខរបរសន្តិសុខឯកជន ក្រុមហ៊ុន Lucky មានទីលំនៅភូមិ២០ឧសភា ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។ ទី២៖ឈ្មោះ ឈឺន ពេជ្រ អាយុ៣៦ឆ្នាំមុខរបរអ្នកបើកបរ មានទីលំនៅភូមិព្រែកតាទាន់ ឃុំព្រែកតាស្តេច ស្រុកស្វាយប៉ោខេត្តបាត់ដំបង។
ក្រោយពេលសាកសួរ សមត្ថកិច្ចបានទៅចាប់ខ្លួនគ្នាវាម្នាក់ទៀតឈ្មោះ គឹម សុផានិត អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដក្លែងឯកសណ្ឋាននគរបាលជាតិ និងកាន់កាប់ប្រេីប្រាស់អាវុធខុសច្បាប់ ដោយដកហូតបានអាវុធរ៉ូឡូមួយដេីម មានគ្រាប់២ វិទ្យុទាក់ទងមួយគ្រឿង ប្រដាប់កាច់កម៉ូតូមួយចំនួន និងអាវឯកសណ្ឋាននគរបាលជាតិមួយ និងម៉ូតូជាផលនៃអំពេីលួច ចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំងពីរក្រុមខាងលេី សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕